ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀង បង្កឱ្យរងផលប៉ះពាល់រោងចក្រ សហគ្រាសចំនួន ១៧​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរបាយការណ៍រោងចក្រ សហគ្រាសនៅតាមរាជធានី ខេត្ត ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង បានបង្ហាញថា៖​ រោងចក្រ សហគ្រាសចំនួន ១៧ បានរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង និងបណ្តាលឱ្យប៉ះពាល់កម្មករ និយោជិតចំនួន ៧.៧២០ នាក់​ ,នេះបេី​គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ 

របាយការណ៍ដដែលបន្តថា ក្នុងរាជធានីភ្នំពេញ រោងចក្រ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង មានចំនួន៤ ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល, ខេត្តកំពង់ស្ពឺ ចំនួន ១០រោងចក្រ ស្ថិតនៅឃុំមហាឬស្សី និងឃុំព្រៃវិហារ ស្រុកគងពិសី និងចំនួន៣រោងចក្រផ្សេងទៀត ស្ថិតនៅឃុំពត់សរ ស្រុកបាទី។

ជាមួយគ្នានេះ​ បេីតាមការ​បញ្ជាក់ពី​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានថ្លែង​ឱ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែតុលាម្សិលមិញនេះ​ថា៖ ក្នុងចំណោមរោងចក្រ ដែលរងផល ប៉ះពាល់ទាំង១៧ ក្នុងនោះចំនួន១៣ ជំនន់ទឹកភ្លៀង បានលិចផ្លូវបរិវេណជុំវិញរោងចក្រ ប៉ុន្តែមិនប៉ះពាល់ដល់អគារផលិតទេ ដោយរោងចក្រទាំងនោះ បើកដំណើរការ ជាធម្មតា។

លោកអ្នកនាំពាក្យ​ ថ្លែង​បន្តថា ចំពោះរោងចក្រចំនួន ៤ផ្សេងទៀត គឺជំនន់ទឹកភ្លៀង បានហូរចូល ទៅដល់អគារផលិត ដែលធ្វើឲ្យម្ចាស់រោងចក្រ ធ្វើការផ្អាកដំណើរការការងារសិន ហើយប្រសិនបើប៉ុន្មានថ្ងៃទៀតនេះ ភ្លៀងមិនបន្តទេ រោងចក្រទាំង៤នេះ នឹងត្រឡប់ចូល ធ្វើការធម្មតាវិញ រវាងថ្ងៃទី ២០ និង ២៣ ខែតុលានេះ។

អ្នកនាំពាក្យ​រូបនេះ​ បានបញ្ជាក់បន្ថែមថា ទាក់ទិនការងារនេះ ក្រសួងការងារ ជាពិសេសលោករដ្ឋមន្រ្តី បានចាត់តាំងថ្នាក់ដឹកនាំ មន្រ្តីអធិការកិច្ចការងារ និងមន្ទីរការងារ ធ្វើការចុះអង្កេតវាយតម្លៃ និងធ្វើរបាយការណ៍អំពីករណីនេះ ហើយអន្តរាគមន៍ភ្លាមៗ ទៅដល់អាជ្ញាធរដែនដី ក៏ដូចជា ម្ចាស់សហគ្រាស និងបងប្អូន កម្មករ និយោជិត ដើម្បីដោះស្រាយបញ្ហានេះផងដែរ។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ បានសង្កត់ធ្ងន់ថា​ ទាំងនិយោជក និងកម្មករ និយោជិតទាំងអស់ ក្នុងករណីមាន ការ ចាំបាច់ ឬករណីមានអាសន្ន ត្រូវមានការទាក់ទង តាមប្រព័ន្ធ Hotline លេខ ១២៩៧ ឬតាមរយៈតេឡេក្រាម សម្រាប់និយោជក និងតាមរយៈកម្មករ និយោជិត ដើម្បីឲ្យអាជ្ញាពាក់ព័ន្ធ ក៏ដូចជាក្រសួង មានអន្តរាគមន៍ ទាន់ពេលវេលា ដើម្បីធានា សុវត្ថិភាពជូនកម្មករ និយោជិត និងនិយោជក ក្នុងអំឡុងពេលមានទឹកជំនន់ភ្លៀងនេះ៕

ដោយ​៖ សហការី​


ចែករំលែក៖