សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះបានចេញមុខនិយាយថា របាយការណ៍មួយរបស់មន្ទីរបញ្ចកោណអាមេរិកដែលចោទថា ប្រទេសចិនប្រហែលជាមានក្បាលគ្រាប់នុយក្លេអ៊ែរលើស១,០០០គ្រាប់ នៅឆ្នាំ២០៣០ គឺពោរពេញទៅដោយភាពលម្អៀងនិងបំភ័ន្តការណ៍ពិត ខណៈដែលទីក្រុងប៉េកាំងមិនមានបំណងចូលរួមក្នុងការរត់ប្រណាំងអាវុធនុយក្លេអ៊ែរឡើយ។
ពាក់ព័ន្ធរបាយការណ៍អាមេរិកខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា «ជាដំបូងបំផុត របាយការណ៍របស់សហរដ្ឋអាមេរិក ដូចទៅនឹងរបាយការណ៍ស្រដៀងគ្នាពីមុនៗមកដែរ គឺមិនអើពើចំពោះការណ៍ពិត ហើយពោរពេញទៅដោយភាពលម្អៀង និងសាបព្រោះទ្រឹស្តីការគំរាមកំហែងដែលបង្កឡើងដោយចិន។ ចិនប្រកាន់ខ្ជាប់យុទ្ធសាស្រ្តនុយក្លេអ៊ែរបែបស្វ័យការពារ ហើយយើងបានដាក់កងកម្លាំងនុយក្លេអ៊ែរយើងឱ្យស្ថិតនៅត្រឹមកម្រិតទាបបំផុត ដែលតម្រូវដោយសន្តិសុខជាតិជាប់ជានិច្ច។ យើងគ្មានចេតនាចូលរួមក្នុងការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ ជាមួយប្រទេសណាមួយទេ ដរាបណាមិនមានប្រទេសណាប្រើប្រាស់ឬគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងប្រទេសចិន ប្រទេសនោះនឹងមិនត្រូវគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់ចិនឡើយ»។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ទីរបញ្ចកោណបាននិយាយថា គិតត្រឹមខែឧសភា ឆ្នាំនេះ ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចធ្វើប្រតិបត្តិការចំនួនជាង៥០០គ្រាប់នៅក្នុងដៃ ហើយអាចនឹងកើនដល់ជាង១,០០០គ្រាប់នៅឆ្នាំ២០៣០។ ដោយឡែក ក្នុងរបាយការណ៍កាលពីខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរបញ្ចកោណបាននិយាយថា ចិនទំនងជានឹងមានក្បាលគ្រាប់រហូតដល់១,៥០០គ្រាប់ នៅត្រឹមឆ្នាំ២០៣៥៕ ដោយ៖ ធីរីណា
រូបថត៖ Reuters