ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករទិញតូបផ្សារ TCC ចេញតវ៉ាឱ្យថៅកែ​ពន្លឿនសាងសង់ និងអនុវត្តតាមកិច្ចសន្យា

ចែករំលែក៖

ភ្នំពេញ​៖​ បេីតាមអ្នកតំណាងទិញតូបផ្សារ TCC លោក ហាក់ ចាន់ថា បានឱ្យដឹងថា​ ពួក​គាត់​ជាអ្នកទិញតូបផ្សារ TRIUMPH COMMERCIAL CENTER (TCC) វិនិយោគដោយក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ីនវេសមិន (Yun Nan Sheng Mao Investment Co, Ltd) ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាប់រយនាក់ បានចេញតវ៉ាជាបន្តបន្ទាប់ ក្រោយពីថៅកែក្រុមហ៊ុន ព្រងើយកន្តើយមិនព្រមចេញ​មុខដោះស្រាយ​ជាមួយអតិថិជន និងរំលោភកិច្ចព្រមព្រៀង ដែលបានសន្យាជាមួយអ្នកទិញ។

អ្នកតំណាងរូបនេះ បានលើកឡើងថា ចាប់តាំងពីកើតមានរឿងរ៉ាវនេះឡើង ពុំដែលឃើញថៅកែក្រុមហ៊ុន ចេញមុខមកដោះស្រាយជាមួយអតិថិជនម្តងណាឡើយ។ លោកបន្តថា គិតចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលច្រើនឆ្នាំហើយ ដែលក្រុមហ៊ុនបានសាងសង់ តែមិនទាន់រួចរាល់ ស្របតាមកិច្ចសន្យា និងពុំមានសកម្មភាពសាងសង់បន្តឡើយ ក្រោយពីប្រមូលលុយពីអតិថិជនបានជាច្រើន​លានដុល្លារ។ បើតាមតំណាងអតិថិជន បានបញ្ជាក់ថា ទិន្នន័យបណ្តោះអាសន្នដែលទទួលបាន ក្រុមមានគម្រោង​សាងសង់ប្រហែលជាង ៤ពាន់តូប ដោយមានតម្លៃ ១តូបចាប់ពីជាង ៦ពាន់ដុល្លារឡើង​ទៅដល់ជាង១០ម៉ឺនដុល្លារ។

តំណាងអតិថិជន បានគូសបញ្ជាក់ទៀតថា រហូតមកដល់ពេល ក្រុមអាជីវករ បានស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ​ខណ្ឌឫស្សីកែវរួចហើយដែរ ដើម្បីជួយរកដំណោះស្រាយ និងអញ្ជើញភាគីក្រុមហ៊ុនចេញ​មុខមកដោះស្រាយជាមួយ​អតិថិជន។

យោងតាមកិច្ចសន្យាក្រុមហ៊ុនបានព្រមព្រៀងគ្នាទិញលក់តូប រយៈពេល ៤០ ឆ្នាំ (២០១៦- ២០៥៦) ដោយក្រុមហ៊ុន​សន្យាថា នឹងសាងសង់ឱ្យរួចរាល់ ប្រគល់តូប និងផ្ទះអាជីវកម្មដល់អតិថិជន នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ប្រសិនបើមានឧបសគ្គ នឹងត្រូវពន្យារយៈពេល ០៦ ខែយ៉ាងយូរ។

លោកបានសង្កត់ធ្ងន់ថា អាជីវករដែលទិញតូបផ្សារនេះ បានកំពុងរងផលប៉ះពាល់ដោយអ្នកខ្លះត្រូវបង់​ធនាគារ ខ្លះទៀតបាត់បង់ចំណូលដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ដោយរំពឹងថា ទិញតូបផ្សារនេះហើយ អាចចូលលក់ដូរបានដើម្បីដោះស្រាយជីវភាព។

អាជីវករបានបញ្ជាក់ថា បើលើស ៦ខែភាគីខាងផ្សារ នឹងផ្តល់សំណង ១ភាគរយរៀងរាល់ខែ។ ប៉ុន្តែរហូតមកដល់​ពេលនេះ ក្រុមអាជីវករ បានអះអាងថា ភាគីផ្សារមិនបានផ្តល់សំណងដល់អតិថិជននោះឡើយ ខណៈដែលផ្សារ​ក៏មិនទាន់សាងសង់រួចរាល់។

ក្រុមអាជីវករ បានសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយរកយុត្តិធម៌ និងសូមឱ្យភាគីខាងផ្សារពន្លឿនដំណើរការសាងសង់ គោរពតាមកិច្ចសន្យា ចូលខ្លួនមកដោះស្រាយជាមួយអតិថិជន ដោយកំណត់ពេលវេលាឱ្យបានច្បាស់លាស់។ ក្រុមអាជីវករ បានអះអាងថា នឹងប្រមូលផ្តុំតវ៉ាជាបន្តទៀត ប្រសិនបើភាគីពាក់ព័ន្ធ ជាពិសេសថៅកែក្រុមអភិវឌ្ឍផ្សារ TCC មិនចេញមកដោះស្រាយជូនអតិថិជន ដូចមានចែងក្នុងកិច្ចសន្យា ដែលបានព្រមព្រៀងគ្នាទេនោះ៕

ដោយ​៖ សហការី​


ចែករំលែក៖