ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តក្នុងស្ថានភាពមេឃកំពុងភ្លៀងបណ្ដាលឱ្យធ្លាក់ចូលក្នុងប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

    ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈបើករថយន្តក្នុងស្ថានភាពមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង បណ្ដាលឱ្យធ្លាក់ក្នុងប្រឡាយទឹក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១និង១០នាទី នៅចំណុចប្រឡាយលេខ៦០ ភូមិគោករមៀត ឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឌិន វៃ ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បើករថយន្តម៉ាកតូយ៉ូតា ពណ៌ស្លែ ។

លោកអធិការបានឱ្យដឹងទៀតថា នៅយប់កើតហេតុជនរងគ្រោះបានបើករថយន្តរបស់ខ្លួនចេញពីផ្ទះទៅជជែកលេងជាមួយប្រជាការពារដើម្បីមើលស្ថានភាពទឹកក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង។ បន្ទាប់ពីមើលស្ថានភាពទឹករួច ជនរងគ្រោះក៏បានបើករថយន្តត្រឡប់មកផ្ទះវិញក្នុងស្ថានភាពមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង លុះបើកមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបើករថយន្តធ្លាក់ចូលក្នុងប្រឡាយទឹកបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មចោលកូនៗ៧នាក់។ 

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញស្រុកនិងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យហើយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់បើករថយន្តធ្លាក់ចូលប្រឡាយទឹកប្រាកដមែន។ បន្ទាប់ពីធ្វើការពិនិត្យចប់សព្វគ្រប់ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖