ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូង និងតំណាងអយ្យការ ចេញសេចក្តីថ្លែងការណ៍ឆ្លើយតប ការលើកឡើងពីស្រ្តីម្នាក់តាមបណ្តាញសង្គម ស្រែករកយុត្តិធម៌

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សាលាដំបូង និងតំណាងអយ្យការ ចេញសេចក្តីថ្លែងការណ៍ឆ្លើយតប ការលើកឡើងពីស្រ្តីម្នាក់តាមបណ្តាញសង្គម ស្រែករកយុត្តិធម៌ ក្រោយកូនរបស់ខ្លួនបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៥ឆ្នាំហើយ តែមិនទាន់បានសំណង ហើយជនល្មើសត្រូវបានដោះលែងទៀត! 

តាមសេចក្តីថ្លែងការណ៍, តុលាការបានផ្តន្ទាទោសជនបង្កដាក់ពន្ធនាគារ៤ឆ្នាំ និងពិន័យជាទឹកប្រាក់ខ្ទង់រយលានរៀលទៅដើមបណ្តឹង ប៉ុន្តែជនបង្កបានរត់គេចខ្លួនតាំងពីក្រោយកើតហេតុភ្លាមៗ! 

សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធ នឹងរួមគ្នាអនុវត្តដីការបស់តុលាការ តាមចាប់ជនបង្កឲ្យបានឆាប់រហ័ស! ខ្ញុំជឿថា សមត្ថភាពរបស់កងកម្លាំងយើង លើការស្រាវជ្រាវ និងតាមចាប់មិនណយឡើយ តែខ្លាចក្រែងមិនសូវចង់ធ្វើតែប៉ុណ្ណោះ។ 

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗនេះមានគណនីឈ្មោះ “chandara652″ បានបង្ហោះវីដេអូរៀបរាប់ក្នុងបណ្ដាញ សង្គម TikTok ដោយបានបញ្ជាក់ថាកូនរបស់គាត់០១(មួយ)នាក់ និងក្មួយ០២(ពីរ)នាក់ បានជួបគ្រោះ ថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ដោយកូនរបស់ខ្លួន០១(មួយ)នាក់ និងក្មួយ០១ (មួយ) នាក់ បានស្លាប់បាត់បង់ជីវិតហើយបានរង់ចាំអស់រយៈពេល៥ឆ្នាំ នៅមិនទាន់ទទួលបានយុត្តិធម៌ ព្រោះតុលាការគ្មានចំណាត់ការ ព្រមទាំងបានដោះលែងជនល្មើសភ្លាមៗ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មានកិត្តិយសសូម គោរពជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ អយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានទទួលសំណុំរឿងពីមន្ត្រីនគរបាលយុត្តិធម៌ ពាក់ព័ន្ធករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៥ នៅចំណុចបង្គោលគីឡូម៉ែត្រ៣៧៨-៣៧៩ ស្ថិតនៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៣០នាទី បង្កដោយរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ2A-0392 ស៊េរីឆ្នាំ១៩៩៦ បើកបរដោយឈ្មោះ រិន សា ភេទប្រុស និងមានអ្នករួមដំណើរឈ្មោះ ចិត្ត សម្ព័ន្ធ ភេទ ប្រុស អាយុ៥០ឆ្នាំ បើកបរក្នុងទិសដៅពីលិចទៅកើត។ ពេលមកដល់កន្លែងកើតហេតុរថយន្តបង្កម៉ាកសាំយ៉ុងខាងលើ បានរេចង្កូតទៅឆ្វេងបុករថយន្តតូចមួយគ្រឿងម៉ាកគាវិសស្តូន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-6732 ស៊េរីឆ្នាំ២០០០ បើកបរដោយឈ្មោះ កែវ នេត្រា ភេទស្រី អាយុ២១ឆ្នាំ និងអ្នករួម ដំណើរចំនួន២នាក់ ១-ឈ្មោះ យ៉ាត ម៉ារីយ៉ា ភេទស្រី អាយុ២១ឆ្នាំ ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ បើកបរក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិច បណ្ដាលឲ្យជនរងគ្រោះ២នាក់ ១-ឈ្មោះ កែវ នេត្រា និង២-ឈ្មោះ យ៉ាត ម៉ារីយ៉ា ស្លាប់នៅនឹងកន្លែងកើតហេតុ និងជនរងគ្រោះ២នាក់ ១-ឈ្មោះ កែវ បញ្ញា និង២-ឈ្មោះ ចិត្ត សម្ព័ន្ធ រងរបួសធ្ងន់ ហើយជនល្មើសឈ្មោះ រិន សា បានគេចខ្លួនពីកន្លែងកើតហេតុ។

បន្ទាប់ពីបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៧២២ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ រួមមក តំណាងអយ្យការបានចេញដីកាកោះហៅភាគីពាក់ព័ន្ធ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ភាគី ដើមបណ្តឹងរដ្ឋប្បវេណីបានចូលមកផ្តល់ចម្លើយចំពោះមុខតំណាងអយ្យការ ចំណែកជនសង្ស័យឈ្មោះ រិន សា ភេទប្រុស បានគេចខ្លួនមិនចូលមកបំភ្លឺតាមការកោះហៅនោះទេ។ ដូច្នេះអយ្យការសម្រេចបើក ការស៊ើបសួរលើឈ្មោះ រិន សា ពីបទបើកបរបណ្តាលឱ្យមានរបួសអ្នកដទៃ និងបណ្ដាលឱ្យស្លាប់មនុស្ស ច្រើននាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ១០០៩ អយង ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

ក្រោយពីទទួលបានបណ្ដឹងពីតំណាងអយ្យការ ចៅក្រមស៊ើបសួរបានចេញដីកាកោះហៅភាគី ពាក់ព័ន្ធ ក្នុងសំណុំរឿងខាងលើ ដើម្បីធ្វើការសាកសួរយកចម្លើយ ប៉ុន្តែជនត្រូវចោទឈ្មោះ រិន សា ភេទ ប្រុស នៅតែបន្តគេចខ្លួន មិនចូលបំភ្លឺតាមការកោះហៅឡើយ ទើបចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឱ្យ ចាប់ខ្លួនលើឈ្មោះ រិន សា ភេទប្រុស។ បន្ទាប់មកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរ បានចេញដីកាដំណោះស្រាយបញ្ជូនសំណុំរឿងខាងលើ និងជនត្រូវចោទឈ្មោះ រិន សា ភេទប្រុស ទៅ ជំនុំជម្រះតាមនីតិវិធី។

បន្ទាប់មកតំណាងអយ្យការបានចេញដីកាកោះហៅភាគីពាក់ព័ន្ធឱ្យចូលសវនាការ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ហើយសាលាដំបូងបានបើកសវនាការជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌ លេខ ៧២២ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានចេញសាលក្រមព្រហ្មទណ្ឌលេខ ១៤៤ “ឈ” ១៤៦៦ ចុះថ្ងៃទី២៨ ខ ធ្នូ ឆ្នាំ២០២០ ដោយសម្រេចផ្តន្ទាទោស ឈ្មោះ រិន សា ភេទប្រុស កើតថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៩៦ ដាក់ពន្ធនាគារកំណត់ចំនួន ៤ (បួន) ឆ្នាំ ពីបទ “បើកបរបណ្ដាលឲ្យមានរបួសអ្នកដទៃ និងបណ្តាលឲ្យ ស្លាប់មនុស្សច្រើននាក់ ប្រព្រឹត្តនៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្ដន្ទាទោសតាមមាត្រា៨៣ មាត្រា ៨៥ កថាខណ្ឌ២ ចំណុច គ និង ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ រិន សា និងបង្គាប់ឲ្យឈ្មោះ រិន សា សងសំណងទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ងួន ស៊ីណេត ចំនួន ២២០.០០០.០០០ (ពីររយម្ភៃលាន) រៀល និងឈ្មោះ យ៉ុត ម៉ៃយ៉ាន ចំនួន១០០.០០០.០០០ (មួយរយលាន) រៀល ដោយសាលក្រមនេះបានប្រកាសជាសាធារណៈកំបាំងមុខជនជាប់ចោទឈ្មោះ រិន សា និងកំបាំងមុខដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ងួន ស៊ីណេត និងឈ្មោះ យ៉ុត ម៉ៃយ៉ាន (ដើមបណ្តឹង រដ្ឋប្បវេណីឈ្មោះ ងួន ស៊ីណេត និងឈ្មោះ យ៉ុត ម៉ាយ៉ាន មានវត្តមានពេលប្រកាសសាលក្រម ត អវត្តមានពេលជំនុំជម្រះ)។

ចំពោះសំណុំរឿងព្រហ្មទណ្ឌខាងលើ សាលាដំបូង និងអយ្យការអមសាលាដំបូងបានចាត់ការ បានត្រឹមត្រូវ និងឆាប់រហ័សតាមនីតិវិធី និងមិនបានដោះលែងជនល្មើសដូចការលើកឡើងរបស់ម្ចាស់ គណនីខាងលើនោះទេ។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ជូន សាធារណជនមេត្តាជ្រាបថា តុលាការនៅតែបន្តខិតខំស្វែងរកចាប់ខ្លួនពិរុទ្ធជនខាងលើមកអនុវត្តទោស តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ១៤៤ “ឈ”/១៤៦៦ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ របស់ សាលាដំបូងខេត្តបន្ទាយមានជ័យ។

អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ សហការី


ចែករំលែក៖