ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនឹងធ្វើទស្សនកិច្ចនៅអុីរ៉ង់នាសប្តាហ៍នេះ

ចែករំលែក៖

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS និង RIA នៅថ្ងៃទី 22 ខែតុលា បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ដែលបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស Sergei Lavrov នឹងទៅកាន់រដ្ឋធានី Tehran របស់អុីរ៉ង់នៅថ្ងៃទី 23 ខែតុលា ដើម្បីជួបពិភាក្សាជាមួយសមភាគីអុីរ៉ង់។
កន្លងមក ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អុីរ៉ង់ IRNA បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់បានអញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទួរគី អាស៊ែបៃហ្សង់ និងអាមេនី មកកាន់ប្រទេសខ្លួនដើម្បីពិភាក្សាផងដែរ ។
ការចរចាត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅក្នុងបរិបទនៃជម្លោះកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ានិងការកើនឡើងភាពតានតឹងនៅតំបន់ព្រំដែនរវាងអាមេនី និងអាហ្សែបៃហ្សង់ ទាក់ទងនឹងអធិបតេយ្យភាពលើទឹកដី Nagorny-Karabakh។
ថ្មីៗនេះ រុស្ស៊ី និងអុីរ៉ង់បានពង្រីកភាពជាដៃគូទ្វេភាគីក្នុងបរិបទដែលប្រទេសទាំងពីរស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីលោកខាងលិច។ ក៏ដូចជាការជាការចោទប្រកាន់ថាអុីរ៉ង់បានផ្តល់អាវុធទៅឲ្យរុស្ស៊ី ក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ប៉ុន្តែត្រូវបានអុីរ៉ង់បដិសេធ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN-VNA


ចែករំលែក៖