ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកស្អែកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ” ។
សូមជម្រាបជូនថា “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” គឺជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដែលអាចទទួលអ្នកជំងឺរហូតដល់ជិត ១ម៉ឺននាក់ អាចមានលទ្ធភាពទទួលអ្នកជំងឺ ដោយមិនមានការព្រួយបារម្ដនោះទេ ដោយមន្ទីរពេទ្យនេះ បំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដារ និងបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ហើយគ្រោងបញ្ចប់ការសាងសង់ និងបំពាក់បរិក្ខារនៅចុងខែមិថុនា ឆ្នាំ២០២៣។
មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ។ ក្នុងនោះ គ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ។
គួរបញ្ជាក់ថា មន្ទីរពេទ្យជាតិតេជោសន្ដិភាព ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមានចំនួន ១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧ ៤៨០ ម៉ែត្រការ៉េ អគារព្យាបាលកម្រិតធ្ងន់ (H1និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ អគារព្យាបាលកម្រិតស្រាល (H3,H4,H5,H6 និងH7) មានគ្រែសរុប ៨ ៩៦៩គ្រែ គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន ៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ អគារបច្ចេកទេស (T1) អគារបច្ចេកទេស (T2) អគារផ្គត់ផ្គង់និងព័ត៌មាន (A) មានទំហំ ២ ៨៣៥ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧ ០២៦ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ២១០គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤ ៤៩០ម៉ែត្រការ៉េ៕
ដោយ៖ សហការី