កីឡាករ Marc Guiu បានស៊ុតបញ្ចូលទីអ្នកឈ្នះក្នុងរយៈពេល៣៣វិនាទីក្នុងការបង្ហាញខ្លួនដំបូងរបស់គាត់ដើម្បីផ្តល់ឱ្យ Barcelona យកឈ្នះ ១-០ក្នុងផ្ទះលើក្រុម Athletic Bilbao កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ តុលា ឆ្នាំ២០២៣។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ១៧ឆ្នាំរូបនេះបានរកគ្រាប់បាល់ឲ្យក្រុមនៅនាទី៨០ ពីការបញ្ជូនបាល់របស់ Joao Felix។
គ្រាប់១គ្រាប់នេះគឺគាត់បានស៊ុតបាល់បញ្ចូលទីក្នុងលីកដំបូងរបស់គាត់សម្រាប់ក្រុម Barcelona លឿនជាងកីឡាករផ្សេងទៀតក្នុងប្រវត្តិសាស្ត្រក្លិប។ ជ័យជម្នះបានយកក្រុមលេខ៣ Barcelona ត្រឡប់មកវិញក្នុងចំណោមក្រុមកំពូលតារាង Real Madrid ដែលពួកគេត្រូវជួបនៅថ្ងៃសៅរ៍ក្រោយ។
អ្នកចាត់ការក្រុម Barcelona លោក Xavi បាននិយាយថា “ខ្ញុំបានប្រាប់គាត់ថា គាត់នឹងមានឱកាសដ៏ល្អមួយ ខ្ញុំចូលចិត្តឃើញមុខក្មេងៗទាំងនេះ ពួកគេគ្មានការភ័យខ្លាចអ្វីឡើយ”។ ជាមួយគ្នានេះក្រុម Girona បានឈ្នះ ៥-២ នៅផ្ទះ Almeria ដើម្បីឡើងទៅឈរលេខ២ ស្មើពិន្ទុជាមួយ Real ដែលបានស្មើ ១-១ នៅ Sevilla កាលពីថ្ងៃសៅរ៍។
Guiu ត្រូវបានបញ្ចូលទៅក្នុងក្រុមឈុតធំរបស់ Barcelona ខណៈដែលគ្រូបង្វឹកលោក Xavi មានកីឡាករជាច្រើនអវត្តមានដោយសាររបួស រួមទាំង Robert Lewandowski និង Frenkie de Jong។ Guiu បានចូលរួមជាមួយសាលាយុវជនរបស់ Barcelona ដែលត្រូវបានគេស្គាល់ជាទូទៅថា La Masia ក្នុងឆ្នាំ២០១៣។
ជាមួយនឹងកំពូលតារាអាហ្សង់ទីន Lionel Messi ផលិតផលដ៏ល្បីបំផុតរបស់ខ្លួន កីឡាករយុវជនរបស់ La Masia រួមមានគ្រូបង្វឹក Barca បច្ចុប្បន្នគឺ Xavi, Andres Iniesta និង Carles Puyol រួមជាមួយនឹង Gerard Pique, Sergio Busquets និង Jordi Alba ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)