ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាលប្រទេសថៃ ទៅសមុទ្រចិនខាងត្បូង ឆ្លងកាត់ពីលើប្រទេសកម្ពុជា។ ក្នុងអំឡុងពេលនេះ ខ្យល់មូសុងនិរតីបានបង្កើនកម្លាំងបក់មកលើសមុទ្រអាន់ដាមែន (Andaman Sea) និងឈូងសមុទ្រថៃ។ ខណៈនេះមានលំហូរខ្យល់បក់ពីទិសខាងត្បូង​ នាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ​ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូង មកលើប្រទេសកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល​ រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០% ទៅ ៦០%។

ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ ៥០%។

សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពធាតុអាកាសនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀងជាយថាហេតុ៕

ដោយ ៖ សហការី


ចែករំលែក៖