ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ជនជាតិថៃម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា​ ឆ្នាំ​២០២៣​នេះជនសង្ស័យ​ជាជនជាតិថៃម្នាក់រួមនឹងវត្ថុតាង​ជាគ្រឿងញៀន ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត​​ ដើម្បីអនុវត្តតាមនីតិវិធី។

 គួររំលឹកឡើងថានៅវេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់​ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

    លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ប៉ាក់ទីផាន វ៉ាឡាមីត (PATIAN WARAMIT) ហៅ អូម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយគាត់ខ្លួនចាប់យកវត្ថុតាងរួមមាន​ -គ្រឿងញៀនប្រភេទក្រាមម្ស៉ៅពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០៤កូនថង់កិប ទម្ងន់ ៣,៤២ក្រាម,​ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន០១កូនថង់កិប ទម្ងន់១,០៥ក្រាម,​ -ទូរស័ព្ទចំនួន០១គ្រឿង (ម៉ាក1plus ពណ៌ទឹកសណ្តែក),​-លិខិតឆ្លងដែន ចំនួន០១ក្បាល​ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១សន្លឹក។ 

  លោកបានបន្តទៀតថា ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​ បានឆ្លើយសារ​ភាពថា​ ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែង​ ជនសង្ស័យ​ត្រូវបាន​កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់វិធានការទៅតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖