ភ្នំពេញ ៖ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០ម៉១០នាទី ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានប្រគល់ជូន លោកជំទាវ ជឹម ម៉ានី ព្រមទាំងក្រុមគ្រួសារ នូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុុជា ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្តួលនេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមចូលរួមសោកស្តាយយ៉ាងក្រៃលែង ប្រកបដោយក្តីអាឡោះអាល័យបំផុតចំពោះសព ឯកឧត្តម នាយឧត្តមសេនី យ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលក្នុងមួយជីវិតរបស់ឯកឧត្តមបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល បម្រើប្រជាពលរដ្ឋ ពោរពេញដោយឆន្ទៈ មនសិការ ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។
លើសពីនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ គឺជាឧត្តមស្វាមី និងជាបិតា ប្រកបដោយព្រហ្មវិហារធម៌ តស៊ូប្រឹង ប្រែង ចិញ្ចឹមបីបាច់ថែរក្សា អប់រំ ផ្តល់នូវដំបូន្មានល្អៗ ដល់កូន និងក្រុមគ្រួសារ ឱ្យក្លាយជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ ទោះបីរូបកាយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល សេចក្តីថ្លៃថ្នូរ គុណធម៌ នឹងស្ថិតនៅក្នុងក្តីចងចាំរបស់ លោកជំទាវជាភរិយា កូនៗ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់ និងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក យុវជនកាកបាទក្រហមកម្ពុជា ជានិច្ចនិរន្តរ៍។»
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សហការី