ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានសន្តិភាពនោះទេ ប្រជាពលរដ្ឋគ្មានសេចក្តីសុខនោះឡើយ ! ទោះបីជាប្រទេសអ្នកមានប៉ុន្មានក៏ដោយ ក៏គ្មានសេចក្ដីសុខនោះដែរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាបើគ្មានសន្តិភាពនោះទេ ទោះបីជាប្រទេសអ្នកមានប៉ុន្មានក៏ដោយ ក៏គ្មានសេចក្ដីសុខនោះដែរ។ សម្ដេច បានលើកឡើងពីបញ្ហាជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងរុស្ស៊ី-អ៊ុយក្រែនជាឧទាហរណ៍ជាក់ស្តែង។

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង១ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីឲ្យគណបក្សនេះ បានបន្តថែរក្សានូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិជាបន្តទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានតែការបោះឆ្នោតទេ គឺជាការបង្ហាញនូវលទ្ធិប្រជាធិបតេយ្យ និងអាចបន្តនូវដំណើរការសន្តិភាពរបស់ប្រទេសកម្ពុជាតទៅទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចង់បានអំណាចដោយប្រើវិធីសង្គ្រាម ឬការញុះញង់ឲ្យបំផ្លាញនូវសន្តិភាពមិនមែនជាជម្រើសល្អនោះទេ ដែលអាចមើលឃើញបានតាមរយៈស្ថានភាពមួយចំនួននៅតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្ន និងថាបើទោះបីជាប្រទេសអ្នកមានប៉ុណ្ណាក៏ដោយក៏ប៉ុន្តែមិនអាចមានក្ដីសុខនោះទេ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព កុំចាំ ដល់បាត់បង់សន្តិភាពទើបស្ដាយក្រោយឱ្យសោះ ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងថា ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៃប្រទេសមហាអំណាច ទៅកាន់ប្រទេសអ៊ីស្រាអែល បញ្ជាក់ពីស្ថានភាពសុខសុវត្ថិភាពនៅអ៊ីស្រាអែល។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ៖ មកទល់នឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលនៅតែបន្ត តាមដានជាប់ជាប្រចាំចំពោះស្ថានភាពនិស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅអ៊ីស្រាអែលជាប់ជានិច្ច ៕

ដោយ ៖ សហការី


ចែករំលែក៖