ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ផ្កាយបីរបស់អាមេរិកស្ថិតនៅក្នុងប្រទេសអុីស្រាអែល ដើម្បីផ្តល់យោបល់ដល់កងទ័ពវាយប្រហារ Gaza Strip

ចែករំលែក៖

ឧត្តមសេនីយ៍ James Glynn – អតីតមេបញ្ជាការនៃបញ្ជាការប្រតិបត្តិការពិសេសរបស់កងម៉ារីនអាមេរិក (MARSOC) បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសអុីស្រាអែល ដើម្បីផ្តល់យោបល់ដល់កងកម្លាំងការពារអុីស្រាអែល (IDF) អំពីប្រតិបត្តិការបច្ចុប្បន្ននិងស្តង់ដារដែលបានរៀបចំសម្រាប់ការវាយប្រហារលើដីនៅតំបន់ហ្គាហ្សាស្ទ្រីប ។
ប្រភពមិនបានបង្ហាញពីភាពជាក់លាក់អំពីដំបូន្មានដែលឧត្តមសេនីយ៍ Glynn បានផ្តល់នោះទេ ប៉ុន្តែបានកត់សម្គាល់ថា ឧត្តមសេនីយ៍អាមេរិករូបនេះអាចទាញយកប្រយោជន៍ពីបទពិសោធន៍ជាច្រើនទសវត្សរ៍របស់គាត់ដើម្បីធ្វើអត្ថាធិប្បាយលើ “រូបភាពធំ” ជុំវិញជម្លោះនៅហ្គាហ្សាស្ទ្រីប។ មុននោះ ឧត្តមសេនីយ៍Glynn មានបទពិសោធន៍ប្រយុទ្ធនៅអុីរ៉ាក់។
នៅពេលត្រូវបានសួរថា តើឧត្តមសេនីយ៍ Glynn កំពុងផ្តល់យោបល់ដល់អុីស្រាអែលដែរឬទេ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby មិនបានបញ្ជាក់ឡើយ។
ផ្ទុយទៅវិញ លោកបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានបញ្ជូនទៅកាន់ប្រទេសអុីស្រាអែល “មន្រ្តីយោធាពាក់ព័ន្ធមួយចំនួន” ដែលមាន “បទពិសោធន៍ដែលយើងជឿថា សមរម្យសម្រាប់ប្រភេទសកម្មភាពដែលអុីស្រាអែលកំពុងធ្វើ និងអាចធ្វើនៅពេលអនាគត”។
ឧត្តមសេនីយ៍ Glynn មិនមែនជាមន្ត្រីជាន់ខ្ពស់អាមេរិកដែលទៅបំពេញទស្សនកិច្ចនៅអុីស្រាអែល ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលានោះទេ។ កន្លងមកមេបញ្ជាការនៃបញ្ជាការកណ្តាលអាមេរិក ឧត្តមសេនីយ៍ Michael “Erik” Kurilla បានមកដល់ប្រទេសអុីស្រាអែលកាលពីសប្តាហ៍មុន ហើយបានជួបជាមួយមេដឹកនាំយោធាជាន់ខ្ពស់របស់ប្រទេស រួមទាំងអគ្គសេនាធិការ Herzi Halevi ផងដែរ។
តួនាទីរបស់ឧត្តមសេនីយ៍ Glynn គឺដាច់ដោយឡែកពីក្រុមកងកម្លាំងពិសេស ដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជូនទៅកាន់ប្រទេសអុីស្រាអែល នៅដំណាក់កាលដំបូង បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់។ ក្រុមនេះមានភារកិច្ចជួយអុីស្រាអែលក្នុងការស៊ើបការណ៍សម្ងាត់ និងផែនការទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះចំណាប់ខ្មាំង។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានអំពាវនាវឱ្យអុីស្រាអែលច្បាស់លាស់អំពីគោលដៅរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើខ្លួនបើកប្រតិបត្តិការធំជាងនេះ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖