ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅខេត្តកំពង់ចាម បានបញ្ជាក់ថា សាកសពនិស្សិតខ្មែរម្នាក់ដែលបានស្លាប់ដោយសារការវាយប្រហាររវាងកងទ័ពអ៊ីស្រាអែល និងប៉ាឡេស្ទីន កាលពីថ្ងៃទី០៧ ខែតុលា កន្លងមក បានដឹកមកដល់ភ្នំពេញ ហើយក្រុមគ្រួសារក៏បានធ្វើបុណ្យតាមប្រពៃណីផងដែរកាលពីម្សិលមិញថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងទៀតថា៖ «សពបានយកមកដល់ភ្នំពេញ និងបានធ្វើបុណ្យត្រឹមត្រូវតាមប្រពៃណីជាតិម្សិលមិញ»។
សម្តេចធិបតី បានគូសបញ្ជាក់ថា តាំងពីមានការផ្ទុះឡើងសង្គ្រោមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៃប៉ាឡេស្ទីនដំបូងមករហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងតាមដានស្ថានភាព សុវត្ថិភាពរបស់និស្សិតខ្មែរជាង ៤០០នាក់ និងបានសហការជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីថ្លែងថា៖«យើងតាមជាប់ជាប្រចាំនៅក្នុងការងារនេះ ធ្វើយ៉ាងណាឱ្យបងប្អូនមានសុវត្ថិភាព យើងគ្មានកងទ័ពនៅលើដីទេ យើងពឹងអាជ្ញាធរមូលដ្ឋាន»។
សូមជម្រាបថា និស្សិតខ្មែរដែលស្លាប់នោះមានឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ នៅមហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល។
ករណីមួយទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យដកកងទ័ពមួកខៀវកម្ពុជាចេញពីប្រទេសម៉ាលីដើម្បីសុវត្ថិភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ដើម្បីធានាសុខសុវត្ថិភាពអាយុជីវិតរបស់កងទ័ពមួកខៀវកម្ពុជា សម្តេចបានចេញបញ្ជាឲ្យដកទ័ពមួកខៀវកម្ពុជា និងសម្ភារៈទ័ពទាំងអស់នៅម៉ាលីចេញជាបន្ទាន់ និងស្របទៅតាមការស្នើសុំរបស់អង្គការសហប្រជាជាតិផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង ១ម៉ឺននាក់ ស្ថិតនៅស្រុកព្រៃឈរ និងស្រុកកំពង់សៀម នៅក្នុងខេត្តកំពង់ចាម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា នៅពេលនេះ ស្ថានភាពនៅក្នុងប្រទេសម៉ាលី មានសភាពក្តៅខ្លាំង សមរភូមិប្រយុទ្ធគ្នាក្តៅគគុក អាចនឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធរដល់អាយុជីវិត ទើបចាំបាច់ត្រូវដកកងទ័ពមួកខៀវកម្ពុជាចេញឱ្យអស់ពីប្រទេសម៉ាលីជាបន្ទាន់ ពីព្រោះក្រុមសកម្មប្រយុទ្ធបានវាយប្រហារគ្នា គ្មានមនុស្សធម៌ មិនថាកងទ័ពរបស់អង្គការសហប្រជាជាតិ ឬកូនក្មេង ក៏បាញ់សម្លាប់ដែរនោះ។
សម្តេចធិបតីថា៖ តាមគម្រោងទ័ពមួកខៀវរបស់កម្ពុជា នឹងដកចេញឱ្យអស់ពីប្រទេសម៉ាលី នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ៕
ដោយ ៖ សហការី