ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ឯម ច័ន្ទមករា បានទទួលជួបទទួលជួបពិភាក្សាការងារជាមួយនាយិកានាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការនៃធនាគារ មេយប៊ែង May Bank លោកស្រី Qazreen Chan Abdullah នាព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣នៅទីស្ដីការក្រសួងសង្គមកិច្ច ដើម្បីរកលទ្ធភាពក្នុងការជួយដល់ជនមានពិការភាពនៅកម្ពុជា។
ថ្លែងក្នុងនាមជាតំណាងលោករដ្ឋមន្ត្រី ជា សុមេធី, លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានជម្រាបជូនតំណាងធនាគារ May Bank ថាក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី ជា សុមេធី និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឱ្យវិស័យពិការភាពកម្ពុជាមានការរីកចម្រើន និងត្រូវបានយកចិត្តទុកដាក់ជាខ្លាំង។
លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានថ្លែងអំណរគុណចំពោះធនាគារ Maybank របស់ប្រទេសម៉ាឡេស៊ី ដែលចាប់អារម្មណ៍លើភាពជាដៃគូជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយឯកឧត្តមសង្ឃឹមថាកិច្ចពិភាក្សានៅថ្ងៃនេះនឹងបង្កើននូវកិច្ចសហប្រតិបត្តិបន្ថែមទៀតដើម្បីរួមចំណែកជួយដល់ជនមានពិការភាពនៅកម្ពុជា។
រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា៖ «ការចូលរួមចំណែករបស់ធនាគារ May Bank លើការចាប់អារម្មណ៍លើការជួយសង្គ្រោះជនរងគ្រោះ ជាពិសេសពាក់ព័ន្ធវិស័យជនពិការភាពគឺជាការជំរុញឱ្យវិស័យនេះកាន់តែមានការរីកចម្រើន»។
លោក ឯម ច័ន្ទមករា បានជម្រាបជូនលោកស្រី នាយិកានាយកដ្ឋានគ្រប់គ្រងប្រតិបត្តិការនៃធនាគារមេយប៊ែង អំពីដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមវេទិកាអាស៊ានជាន់ខ្ពស់ស្តីពី «អភិវឌ្ឍន៍បរិយាបន្នពិការភាពនិងភាពជាដៃគូលើសពីឆ្នាំ២០២៥» និងកិច្ចសន្ទនាអាស៊ាន-អាមេរិកកាលពីកន្លងទៅ។
លោក ឯម ច័ន្ទមករា បានមានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនោះគឺផ្តោតសំខាន់លើបញ្ហារបស់ជនពិការភាពដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។ ជាមួយគ្នានេះលោកបានបញ្ជាក់ថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ បើពុំមានការប្រែប្រួល រាជរដ្ឋាភិបាលកម្ពុជានឹងប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ នៅទីក្រុងកោះពេជ្រ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខណៈបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
លោក ឯម ច័ន្ទមករា បានបន្ថែមថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានចំណាយថវិកាចំនួន ១ ២០០លានដុល្លារ សម្រាប់ជួយដល់ជនរងគ្រោះងាយរងហានិភ័យក្នុងវិបត្តិកូវីដ-១៩ និងក្រោយវិបតិ្តកូវីដ-១៩ អតិផរណា ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។
តំណាងធនាគារ Maybank លោកស្រី Qazreen Chan Abdullah បានលើកឡើងពីកម្មវិធី ទទួលបានឯករាជ្យភាព និងសហគ្រិនភាពប្រកបដោយនិរន្តរភាព (R.I.S.E.) ដែលជាកម្មវិធីកម្មវិធីពង្រឹងសេដ្ឋកិច្ចពិសេសដែលស្វែងរកការផ្តល់ការគាំទ្រជាក់ស្តែង និងជាក់ស្តែងសម្រាប់សហគមន៍ជួបការលំបាក ដោយផ្តោតលើជនពិការ (PWDs)។ លោកស្រីថា កម្មវិធីនេះត្រូវបានធនាគារដាក់អនុវត្តន៍ក្នុងប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលមានគោលដៅបណ្ដុះបណ្ដាល ជនមានពិការភាពជំហានដំបូងចំនួន ១៦០នាក់ផងដែរ។
លោកស្រី Qazreen Chan Abdullah បានលើកថាគម្រោងនេះគឺផ្តោតលើការរកប្រាក់ចំណូលយ៉ាងឆាប់រហ័សរបស់ជនមានពិការភាព ការធានានូវចេរភាពជីវភាពរស់នៅ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនមានពិការភាពនៅកម្ពុជា។
ជាការឆ្លើយតប លោក ឯម ច័ន្ទមករា បានថ្លែងអំណរគុណដល់លោកស្រី Qazreen Chan Abdullah ដែលបានធ្វើបទបង្ហាញ និងចាប់អារម្មណ៍ជួយដល់បងប្អូនជនមានពិការភាពនៅកម្ពុជា បើទោះបីការជួយនេះអាចជួយត្រឹមតែជនមានពិការភាព ១៦០នាក់ ប៉ុន្តែយ៉ាងហោចណាស់នេះជាការចាប់ផ្តើមមួយជាទីគួរឱ្យកត់សម្គាល់។ ឯកឧត្តមបានគូសបញ្ជាក់ថា ជនមានពិការនៅកម្ពុជាមានជាង ៨០ម៉ឺននាក់នៃចំនួនប្រជាជនកម្ពុជាសរុបជាង ១៥លាននាក់។
លោក ឯម ច័ន្ទមករា បានស្នើឱ្យគម្រោងនេះផ្តល់អាទិភាពដល់ជនមានពិការភាពដែលកំពុងច្រៀងតាមទីសាធារណៈ ជនមានពិការភាពគ-ថ្លង់ និងមានពិការភាពកាយសម្បទាដើម្បីទទួលបានផលពីគម្រោងនេះ៕
ដោយ ៖ សហការី