ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានត្រួតពិនិត្យសមយុទ្ធមួយដែលក្លែងធ្វើការវាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំ ដែលពាក់ព័ន្ធនឹងមីស៊ីលផ្លោង នាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។
យោងតាម RTបានផ្សាយថា កាលពីថ្ងៃទី 25 ខែតុលា វិមានក្រឹមឡាំងបានប្រកាសថា យោធារុស្ស៊ីទើបតែបានបញ្ចប់សមយុទ្ធទ្រង់ទ្រាយធំដើម្បីសាកល្បងសមត្ថភាពនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ។ សមយុទ្ធនេះត្រូវបានត្រួតពិនិត្យតាមអុីនធើណិតដោយប្រធានាធិបតីពូទីន។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបាននិយាយថា “ក្រោមការដឹកនាំរបស់ប្រធានាធិបតី ពូទីន កងកម្លាំងដីគោក សមុទ្រ និងអាកាសបានធ្វើសមយុទ្ធរារាំងនុយក្លេអ៊ែរ។ ក្នុងអំឡុងពេលសមយុទ្ធ កាំជ្រួចផ្លោង និងកាំជ្រួចជាច្រើនត្រូវបានគេដាក់ពង្រាយ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បាននិយាយថា សមយុទ្ធនេះផ្តោតលើ “ការក្លែងធ្វើការវាយប្រហារទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនុយក្លេអ៊ែរដោយកងកម្លាំងប្រឆាំង” ។
សមយុទ្ធនេះ មានកម្លាំងកាំជ្រួចមីស៊ីល នាវាមុជទឹក នឹងយន្តហោះទម្លាក់គ្រាប់ ដែលរារាំងនុយក្លេអ៊ែរ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប នាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានលាតត្រដាងថា កាំជ្រួចមីស៊ីលអន្តរទ្វីប Yars បានបាញ់ចំគោលដៅចម្ងាយ ៥.៧០០ គីឡូម៉ែត្រពីកន្លែងបាញ់បង្ហោះ។ នាវាមុជទឹក Tula បានបាញ់បង្ហោះកាំជ្រួចមីស៊ីល Sineva ចេញពីសមុទ្រ Barents ខណៈដែលយន្តហោះ Tu-95MS បានបាញ់បង្ហោះកាំជ្រួច Cruise ជាច្រើនដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ៕ ដោយ៖ ធីរីណា
រូបថត៖ RT