ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន ១០នាក់ត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពជាបន្តបន្ទាប់ បន្ទាប់ពីពួកគាត់មានអាការៈចុកក្អួត រាគរូស ដែលសង្ស័យបណ្ដាលមកពីពុលនំបញ្ចុក ក្នុងពិធីបុណ្យសពគម្រប់ ៧ថ្ងៃ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ប្រមាណ ១រសៀលថ្ងៃទី ២៥ ខែ តុលាឆ្នាំ ២០២៣នៅភូមិតាំងធ្នឹម ឃុំពេជ្រចង្វា ស្រុកបរិបូណ៌។
លោក កែវ យន ប្រធានក្រុមប្រឹក្សាឃុំពេជ្រចង្វាបានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ ខែតុលា នេះថា នៅក្នុងភូមិមានពិធីបុណ្យសព៧ ថ្ងៃដែលម្ចាស់ផ្ទះ ឈ្មោះហៀង សាមី ភេទស្រីអាយុ៣៣ ឆ្នាំ បានរៀបចំពិធីបុណ្យ ជូនអ្នកម្ដាយឈ្មោះ ប៊យ មុច គម្រប់៧ ថ្ងៃ។ ក្នុងពិធី បុណ្យសពបានប្រព្រឹត្តឡើងនៅរសៀលថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៣ ដោយម្ចាស់កម្មវិធីបានរៀបចំនំបញ្ចុកដើម្បីទទួលភ្ញៀវ ។
លោក ប្រធានក្រុមប្រឹក្សាឃុំពេជ្រចង្វា បានបន្តថា តាំងពីរសៀលថ្ងៃទី ២៤ រហូតព្រឹកឡើងថ្ងៃទី ២៥ មិនមានបញ្ហាអ្វីទេ ។ ប៉ុន្តែអ្វីជាការចាប់អារម្មណ៍ នោះគឺនំបញ្ចុកដែលនៅសល់ចំនួន ២កញ្ឆេ តាំងពេលរសៀលថ្ងៃទី ២៤ ម្ចាស់ផ្ទះក៏មិនបានរៀបចំដាក់ទទួលភ្ញៀវដែរ តែប្រជាពលរដ្ឋអ្នកជិតខាងនិងអ្នកទៅចូលរួមជួយក្នុងពិធីបុណ្យ ក៏នាំគ្នាយកនំបញ្ចុកដែលនៅសល់ យកទៅហូបទើបបណ្ដាលឱ្យមានអាការៈបែបនេះ។ ដោយចាប់ពីម៉ោង១ រសៀលថ្ងៃទី២៥ ប្រជាពលរដ្ឋដែលបានហូបនំ បញ្ចុកនៅសល់មានអាការៈចុករាគរូសនិងក្អួតផងដែរ ដែលសង្ស័យថាមកពីហូបនំបញ្ចុកដែលនៅសល់ ហើយ ក៏បានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាព ដែលសរុបអ្នករងគ្រោះមានចំនួន១០ នាក់ ស្រី៦នាក់ក្នុងនោះក្មេង ៣នាក់ផងដែរ។ យ៉ាងនេះក្តីពុំមាននរណារងគ្រោះដល់ជីវិតនោះឡើយ ហើយពួកគាត់ ខ្លះបានធូរស្រាលវិលត្រឡប់ទៅលំនៅឋានវិញហើយ។
ដោយឡែកនៅរសៀលថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៣ គេសង្កេតឃើញលោកមេឃុំ ពេជ្រចង្វា លោកអភិបាល ស្រុកបរិបូរណ៍ បានចុះសាកសួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់ជនរងគ្រោះដែលកំពុងសម្រាកនៅមណ្ឌលសុខភាពផងដែរ៕
ដោយ៖ សូរិយា