ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជននេះបានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយពីបុរសជនជាតិបរទេសម្នាក់ដែលកំពុងដើរតាមដងផ្លូវមិនបានសម្រេចរួចជិះម៉ូតូបញ្ច្រាសផ្លូវទៅបុកម៉ូតូមួយគ្រឿងទៀតដួល កាលពីវេលាម៉ោង១២ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខសាលាភូមិន្ទ តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2023 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1KG-9091ធ្វើដំណើរពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនជាតិបរទេសម្នាក់ដែលកំពុងដើរតាមដងផ្លូវតែមិនបានសម្រេច រួចក៏ជិះរត់បញ្ច្រាសផ្លូវទៅបុកម៉ូតូPCX មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1HI-6222ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីលិចទៅកើតចំពីមុខពេញទំហឹងបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងដួលទៅលើថ្នល់ ភ្លាមនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើល ស្របពេលកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចបញ្ជូនមកប៉ុស្តិ៍នគរបាលធ្វើការសួរនាំបន្ត។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ