ខេត្តបាត់ដំបង៖ ដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរងទទួល ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនទម្ងន់ជាង ១០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ ២នាក់។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនេះធ្វើឡើងកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចស្ពានត្រស់ស្ថិតនៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងនោះទី១,ឈ្មោះ ប៊ូ សុផាត (ហៅហ៊ុល) ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ អូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិង២,ឈ្មោះ លី ធារិទ្ធ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ កងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងគ្រឿង ញៀនប្រភេទម៉ាទឹកកកICE ចំនួន ២៥ កញ្ចប់ ទម្ងន់ ១០,៣៣៤.៦០ ក្រាម, រថយន្ត ១ គ្រឿង, ទូរស័ព្ទដៃ ២ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបង កំពុងអនុវត្តតាមនីតិវិធី៕
ដោយ៖ សូរិយា