អ្នកចាត់ការក្រុម Aston Villa លោក Unai Emery បានអបអរកីឡាកររបស់គាត់ឱ្យបង្ហាញជារៀងរាល់ថ្ងៃថា ពួកគេអាចក្លាយជាគូប្រជែងបន្ទាប់ពីបានផ្តួលក្រុម AZ Alkmaar ក្នុងក្របខ័ណ្ឌ Europa Conference League។ Aston Villa បានយកឈ្នះក្នុងលទ្ធផល ៤-១ លើក្រុមហូឡង់នៅកីឡដ្ឋាន AFAS Stadion ហើយពួកគេឈរនៅលេខរៀងទី២ ក្នុងពូលនៅពាក់កណ្តាលផ្លូវនៃវគ្គចែកពូល ដោយឈរស្មើពិន្ទុជាមួយនឹងក្រុមនាំមុខ Legia Warsaw ៦ពិន្ទុដូចគ្នា។
AZ Alkmaar បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Conference League កាលពីរដូវកាលមុន ដោយចាញ់ជាមួយក្រុម West Ham ហើយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ២នៅ Eredivisie លីកកំពូលហុល្លង់ដែលមិនស្គាល់ចាញ់សោះក្នុងការប្រកួតបើកឆាកចំនួន៩លើករបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយក្រុម Aston Villa បានធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសហូឡង់ ខណៈដែល Leon Bailey, Youri Tielemans, Ollie Watkins និង John McGinn សុទ្ធតែស៊ុតបញ្ចូលទីបានម្នាក់មួយគ្រាប់។
លោក Emery បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រសិនបើយើងចង់ក្លាយជាគូប្រជែង យើងត្រូវបង្ហាញជារៀងរាល់ថ្ងៃ ហើយនៅពេលដែលយើងកំពុងលេងការប្រកួតទាំងនោះ យើងត្រូវបង្ហាញពីបំណងប្រាថ្នារបស់យើងទាំងអស់គ្នា។ ខ្ញុំគិតថាយើងបានធ្វើវាបាន។ យើងគោរពពួកគេ ព្រោះពួកគេបានលេងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនជាមួយក្រុម West Ham។ ពួកគេបានឈ្នះកាលពីឆ្នាំមុនជាមួយនឹងក្រុម Lazio ពួកគេបានឈ្នះកាលពីឆ្នាំមុនជាមួយនឹងក្រុម Anderlecht ហើយវាគឺដោយសារតែពួកគេមានបទពិសោធន៍នៅក្នុងការប្រកួតនៅទ្វីបអឺរ៉ុប។ ខ្ញុំសប្បាយចិត្តណាស់ជាមួយកីឡាករ ព្រោះខ្ញុំគិតថាពួកគេត្រូវតែមានភាពចាស់ទុំ ទំនួលខុសត្រូវ និងទាមទារខ្លួនឯង មិនត្រឹមតែនៅពេលដែលខ្ញុំជំរុញពួកគេនោះទេ។ ពួកគេត្រូវតែព្យាយាមបង្កើនកម្រិតផ្ទាល់ខ្លួន និងសមូហភាពរបស់ពួកគេ”។
កីឡាករ Bailey និង Tielemans បានធ្វើឱ្យ Aston Villa ចាប់ផ្តើមយ៉ាងល្អឥតខ្ចោះជាមួយនឹងគ្រាប់បាល់បញ្ចូលទីក្នុងចន្លោះ១០នាទីដំបូងនៃតង់ទី១គឺរកបាននៅនាទីទី១៣ និងនាទីទី២៣។ ក្រុម Alkmaar ក៏មានឱកាសផងដែរ ដោយកីឡាករ Vangelis Pavlidis នៅពេលដែលគាត់ស៊ុតបញ្ចូលទីបានយ៉ាងច្បាស់ទៅចំគោលដៅ ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីបាន។
បន្ទាប់មកកីឡាករ Watkins របស់ Aston Villa រកបានគ្រាប់បាល់ទី៣នៅនាទីទី៥១ មុនពេលប្រធានក្រុម McGinn រកបានគ្រាប់ទី៤នៅពេលដែលគាត់បង្ហាញពីបំណងប្រាថ្នាចង់រកគ្រាប់បាល់របស់គាត់។ខ្សែបម្រើស្លាបរបស់ Alkmaar កីឡាករ Ibrahim Sadiq រកបាន១គ្រាប់តាមពីក្រោយនៅនាទីទី៦៥ ពីការបញ្ជូនបាល់របស់ Martins Ind។
Aston Villa មាន៦ពិន្ទុរួមជាមួយក្រុមកំពូលតារាងពូល E ក្រុម Legia Warsaw ដូចគ្នា ប៉ុន្តែស្ថិតនៅលេខ២លើក្លិបប៉ូឡូញក្នុងកំណត់ត្រានាំមុខបន្ទាប់ពីចាញ់ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតបើកឆាក ខណៈដែលZrinjski Mostar ឈរលេខ៣មាន៣ពិន្ទុ និង Alkmaar ឈរបាតតារាងមាន៣ពិន្ទុដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)