ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ២៧ តុលា ២០២៣ បានបញ្ជាក់ថា : សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សេចក្តីព្រាងព្រះរាជក្រឹត្យនេះ មាន៦ជំពូក និង២២មាត្រា និងបានកំណត់អំពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយ វិវាទនៅព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅ តាមសាលាជម្រះក្តី បង្ខិតការដោះស្រាយវិវាទឱ្យកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន ធានានូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ រាល់ដំណោះស្រាយវិវាទត្រូវតែគោរពតាមឆន្ទៈយល់ព្រមដោយសេរី និងដោយស្ម័គ្រចិត្ត ពីភាគីវិវាទ។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សរសេរកាត់ថា អ.ដ.ក. នឹងត្រូវបង្កើតឡើងដើម្បីដោះ ស្រាយក្រៅប្រព័ន្ធតុលាការ នូវវិវាទរដ្ឋប្បវេណីវិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួល ផ្សះផ្សាដោយផ្អែកតាមកិច្ចព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទយល់ព្រមទទួល យកយន្តការសម្រុះសម្រួលផ្សះផ្សានេះ លើកលែងតែវិវាទដែលមិនអាចជាកម្មវត្ថុ នៃការសម្រុះសម្រួលផ្សះផ្សាតាម កំណត់របស់ច្បាប់។ អ.ដ.ក. មានសមាសភាព ឧបនាយករដ្ឋមន្ត្រី ១រូប ជាប្រធាន អមដោយអនុប្រធាន ៤រូប (ទេស រដ្ឋមន្ត្រី ១រូប រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១រូប និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ១រូប) និងមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដោយមាន អគ្គលេខាធិការដ្ឋាន មួយជាសេនាធិការ។

ក្នុងសេចក្តីថ្លែងហេតុជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ព្រះរាជក្រឹត្យ នេះ នឹងក្លាយជាក្របខណ្ឌគតិយុត្តមួយដ៏សំខាន់សម្រាប់ពង្រឹង និងលើកកម្ពស់ ប្រសិទ្ធភាព នៃការសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទរបស់ប្រជាពលរដ្ឋ ជាពិសេសវិវាទនៅមូលដ្ឋានឱ្យបានកាន់ត ឆាប់រហ័ស និងប្រកបដោយជំនឿចិត្ត។ លោក បានគោរពស្នើសុំ សម្ដេចធិបតី ចាប់ផ្តើមធ្វើយុទ្ធនាការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការជាបន្ទាន់ បន្ទាប់ពីត្រូវបានបង្កើតចេញជារូបរាង។

ក្នុងដំណើរការពិនិត្យ និងពិភាក្សា សេចក្តីព្រាងព្រះរាជក្រឹត្យនេះដែរ សម្ដេចធិបតី បានគូសបញ្ជាក់ថា យន្តការនេះមិនមែនជាការជំនួសប្រព័ន្ធតុលាការទេ ប៉ុន្តែជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ពុំមាន ការបង្ខិតបង្ខំ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមខ្មែរ។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការ ធ្វើយុទ្ធនាការផ្សព្វផ្សាយជូនប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់យល់ច្បាស់អំពីយន្តការថ្មីនេះ និងបានសម្រេចប្រគល់ភារ កិច្ចជូនទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ ក្នុងការរៀបចំនីតិវិធីបន្តដើម្បីបញ្ជូន សេចក្តីព្រាងព្រះ រាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីទ្រង់ពិនិត្យ និងឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើទុកជាការប្រញាប់។

សូមបញ្ជាក់ថា : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នេះ ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈ ចំនួន ៤ ហើយខាងលើនេះជា សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖