អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Mikhail Bogdanov ទើបតែបាននិយាយថា ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូក្នុងពេលឆាប់ៗនេះ។
លោក Bogdanov បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយរបស់ Royal Palestinian Orthodox Association (អង្គការការសិក្សាមជ្ឈិមបូព៌ា) ថា “ខ្ញុំអាចនិយាយបានថាប្រធានាធិបតីនឹងធ្វើទស្សនកិច្ចជាផ្លូវការនៅទីក្រុងមូស្គូឆាប់ៗនេះ ហើយនឹងមានការពិភាក្សាជាមួយប្រធានាធិបតី Vladimir Putin”។
កន្លងមក រុស្ស៊ីបានស្វាគមន៍មេដឹកនាំជាន់ខ្ពស់នៃក្រុមហាម៉ាស់ និងអុីរ៉ង់ដែលធ្វើឱ្យអុីស្រាអែលខឹងសម្បាយ៉ាងខ្លាំង។ មេដឹកនាំក្រុមហាម៉ាស់ពីររូបលោក Bassem Naeem និងលោក Mousa Abu Marzouk បានជួបជាមួយមន្ត្រីក្រសួងការបរទេសរុស្ស៊ីនៅទីក្រុងមូស្គូកាលពីថ្ងៃទី 26 ខែតុលា។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov បេសកជនពិសេសរបស់ប្រធានាធិបតី ពូទីន ប្រចាំតំបន់មជ្ឈិមបូព៌ា ក៏បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Ali Bagheri Kani នៅថ្ងៃដដែលដែរ។
ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ថា មន្ត្រីអុីរ៉ង់ក៏បានជួបពិភាក្សាដាច់ដោយឡែកជាមួយមេដឹកនាំក្រុមហាម៉ាស់ Marzouk ខណៈដែលអ្នកទាំងពីរជាភ្ញៀវនៅទីក្រុងមូស្គូ។បន្ទាប់មកក្រុមហាម៉ាស់បានសរសើរលោកពូទីនចំពោះជំហររបស់គាត់ចំពោះជម្លោះរបស់ខ្លួនជាមួយអុីស្រាអែល។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ្នកការទូតបានសង្កត់ធ្ងន់ថា “តម្រូវការដើម្បីបញ្ចប់អរិភាពនៅក្នុងនិងជុំវិញតំបន់ហ្គាហ្សាស្ទ្រីប នឹងផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលាដល់ប្រជាជនប៉ាឡេស្ទីនដែលរងផលប៉ះពាល់” ៕
ដោយ៖ ធីរីណា(រូបថត៖ Anadolu)