ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍អញ្ជើញជាអធិបតីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ស្ថានីយអង់តែនទូរស័ព្ទចល័តបន្ថែមចំនួន ១៧០ ទីតាំង នៅទូទាំងខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលា បើកការ ដ្ឋានសាងសង់ស្ថានីយអង់តែនទូរស័ព្ទចល័តបន្ថែម ចំនួន ១៧០ ទីតាំង នៅទូទាំងខេត្តតាកែវ ដោយមានការចូលរួមដោយថ្នាក់ដឹកនាំក្រសួង,មន្រ្តីរាជការអង្គភាពចំណុះ ក.ប.ទ.លោក អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច,លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ,និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍,អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋប្រមាណ​ ១២០០នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលលោករដ្ឋមន្ត្រីជា វ៉ាន់ដេត បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធទូរគមនាគមន៍។

លោករដ្ឋមន្ត្រី បានបន្ថែមថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងបញ្ចកោណទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្ដានុពលភាព និងកាលានុវត្តភាពក្នុងការជំរុញកំណើនផលិត ភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពការងាររដ្ឋបាល។  បច្ចេកវិទ្យា​ឌីជីថលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់សម្រាប់ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះលោករដ្ឋមន្រ្តី ក៏បានថ្លែងនូវការកោតសរសើរនិងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ ព្រម ទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងជួយសម្រប សម្រួលលើការងារសាងសង់បង្គោលអង់តែនបន្ថែម រហូតឈានដល់ការបញ្ចុះបឋមសិលាក្នុងថ្ងៃនេះ។ លើសពីនេះលោករដ្ឋមន្រ្តី មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការបន្តជំរុញការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងខេត្តតាកែវ និងទៅកាន់គ្រប់ទិសទីទូទាំងប្រទេសកម្ពុជា​ និងទទួលបានលទ្ធផលកាន់តែប្រសេីរនៅឆ្នាំ២០២៤​ ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ខ្លាំងក្លានៃតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតតាមទូរសព្ទចល័ត៕

ដោយ៖ សូរិយា


ចែករំលែក៖