ព័ត៌មានទាន់ហេតុការណ៍៖

សង្រ្គាមអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ ខណ:លោក ខាងលិចងាកទៅជួយអុីស្រាអែល​

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា នៅតាមសមរភូមិជួរមុខនៃសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន កំពុងស្ថិតក្នុងសភាពទាល់ច្រក ដូច្នេះហើយភាគីទាំងសងខាង គួរតែអង្គុយចុះទល់មុខគ្នា ដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះបង្ហូរឈាមនេះ។មេដឹកនាំបេឡារុស លោក Alexander Lukashenko បានលើកឡើងយ៉ាងដូច្នេះថា «ភាគីទាំងសងខាងសុទ្ធតែកំពុងប្រឈមមុខ ជាមួយបញ្ហាផ្សេងៗច្រើនគ្រប់គ្រាន់ដូចគ្នា ហើយស្ថានការណ៍សមរភូមិជារួម នាពេលឥឡូវនេះ គឺកំពុងតែស្ថិតក្នុងសភាពទាល់ច្រកខ្លាំង ពោលគឺហាក់មិនមានភាគីខាងណាមួយ អាចធ្វើសកម្មភាពអ្វីដែលអាចជួយពង្រឹង ឬក៏ពង្រីកខ្សែបន្ទាត់ទីតាំងរបស់ពួកគេ បាននោះទេ។ យើងចាំបាច់ត្រូវនាំគ្នាមកអង្គុយចុះនៅតុចរចា ហើយឈានឱ្យដល់កិច្ចព្រមព្រៀងមួយ»។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក Lukashenko បានបើកដៃឱ្យលោក ពូទីន ប្រើប្រាស់ប្រទេសបេឡារុស ជាទីតាំងមួយដើម្បីបញ្ជូនកងទ័ពរុស្ស៉ីចូលទៅឈ្លានពានអ៊ុយក្រែន។

យោងតាមសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយយោធាធំបំផុតរបស់ទីក្រុងកៀវ កងកម្លាំងរុស្ស៉ីក្នុងសប្តាហ៍នេះ បានបន្តខិតខំ​ព្យាយាមដើម្បីដណ្តើមកាន់កាប់ទីក្រុង Avdiivka ភាគខាងកើតអ៊ុយក្រែន បើទោះជាបានបាត់បង់ទាហានច្រើនខ្លាំងក៏ដោយ។ ដោយឡែក ខ្សែបន្ទាត់សមរភូមិជួរមុខនៅអ៊ុយក្រែន គឺហាក់មានការប្រែប្រួលតិចតួចប៉ុណ្ណោះ ក្នុងរយៈពេលប្រមាណ១ឆ្នាំចុងក្រោយនេះ ទោះ​ទីក្រុងកៀវបានបើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំ ក្រោមគោលដៅប៉ុនប៉ងដណ្តើមយកទឹកដី ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN-VNA


ចែករំលែក៖