ខេត្តកោះកុង ៖ ពេលដែលបានឃើញវីដេអូពីសកម្មភាពយុវជនម្នាក់យកដុំឈើធំមកវាយសម្លាប់សត្វឈ្លូស១ក្បាល ដែលកំពុងព្យាយាមហែលទឹកសមុទ្ររកទីសុវត្ថិភាពដើម្បីជីវិតបានរស់ គឺខ្លោចផ្សាណាស់ ទោះបីគ្នាជាសត្វក៏ដោយ ហេតុអ្វីមនុស្សរូបនោះគ្មានខួរក្បាលគិតសូម្បីតតែបន្តិច សម្លាប់យ៉ាងឃោរឃៅនិងជាសាធារណៈ ?
គណនី facebook មួយមានឈ្មោះថា ” Top10 ” បានបង្ហោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដោយសរសេរថា សត្វឈ្លូសខំហែលទឹកមករកទួលសុវត្ថិភាព..ឯងលេងយកឈើទៅវៃ៉គ្នា… យីពិតជាខួរចង្រៃមែន😡🤬 #ឆ្នេរកុកហាវ ខេត្តកោះកុង។
ដោយឡែក លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម លោកមិនបានដាក់រូបសត្វឈ្លូសដែលត្រូវបានគេសម្លាប់ទេ គ្រាន់តែសរសេរនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លើផេកផ្លូវការយ៉ាងដូច្នេះថា ( ប្រហែលមកពីចាស់ ? ថ្ងៃនេះបាត់អារម្មណ៍ល្អ ពេលឃើញខ្មែរយើងវាយសម្លាប់ឈ្លូសដែលខំហែលទឹកមករករស់ ខុសពីរូបមុនដែលឃើញបងប្អូននៅជាយក្រុងភ្នំពេញនាំគ្នាស្ទាក់ចរាចរណ៍ដើម្បីអោយពស់ថ្លាន់មួយឆ្លងផុតផ្លូវ ! ) ។
ពាក់ព័ន្ធនឹងករណីនេះ ពុំទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយថា យុវជនដែលសម្លាប់សត្វឈ្លោះអ្វី មានអត្តសញ្ញាណច្បាស់លាស់នៅឡើយ ហើយបក្សពួករបស់គេប៉ុន្មាននាក់ ? គ្រាន់តែឃើញសម្លាប់ភ្លាម អូសពីទឹកសមុទ្រយកមកដាក់ជាប់ឆ្នេរ រួចហើយឮសូរសំឡេងមានអ្នកស្រែកប្រាប់ថាប្រយ័ត្នគេចាប់ ! ក្រោយមកក៏ឃើញបុរសពីរនាក់បានអូសសត្វឈ្លូសដែលបានសម្លាប់នេះយកចេញដើម្បីគេចវេះពីសមត្ថកិច្ច ។ ដូច្នេះបើតាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុកខាងលើ ថាការសម្លាប់នេះនៅឆ្នេរកុកហៅ ខេត្តកោះកុង , តើសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ មានវិធានការបែបណា ចំពោះជនដែលបានសម្លាប់សត្វព្រៃដែលជាបទល្មើសឧក្រិដ្ឋ ! ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន បានព្យាយាមយកចិត្តទុកដាក់អភិរក្សការពារសត្វព្រៃ ទីបំផុត ! សត្វព្រៃដែលបានព្យាយាមហែលទឹកសមុទ្រដើម្បីសង្គ្រោះជីវិតខ្លួនឯង បែរជារងការវាយសម្លាប់បែបនេះទៅវិញ ? ៕
ដោយ ៖ សហការី