ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងអភិរក្សទឹក និងវារីអគ្គិសនី​ពហុបំណងរបស់ចិន Datengxia តម្លៃប្រមាណ៤០០០លានដុល្លារ

ចែករំលែក៖

ប្រទេស​ចិន​៖​ លោក Wu Xiaolong ប្រធានក្រុមហ៊ុន Guangxi Datengxia Water Conservancy Development Co., Ltd. បានថ្លែង​នៅចំពោះមុខក្រុមអ្នកសារព័ត៌មានកម្ពុជា និងមកពីបណ្ដាប្រទេសអាស៊ាន នាឱកាសធ្វើដំណើរទស្សនកិច្ចគម្រោងទំនប់ទឹកស្អាត Datengxia កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា៖​ គម្រោងទំនប់ទឹកស្អាត Datengxia គឺជាគម្រោងដ៏សំខាន់នៅក្នុងការសាងសង់បណ្តាញទឹកជាតិ នៅក្នុងអាងទន្លេគុជ ដែលរួមបញ្ចូលការគ្រប់គ្រងទឹកជំនន់ ការដឹកជញ្ជូន ការផលិតថាមពល ការចែកចាយធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងអត្ថប្រយោជន៍ធំៗផ្សេងទៀតផងដែរ។ គម្រោងវិនិយោគសរុបមានចំនួន ៣៥.៧៣៦ ពាន់លានយ័ន ហើយរយៈពេលសាងសងគឺ ៩ ឆ្នាំ ខណៈនៅខែកញ្ញា ឆ្នាំ ២០២៣ គម្រោងការងារសាងសង់សំខាន់ៗត្រូវបានបញ្ចប់លឿនជាងរយៈពេលកំណត់ចំនួន ៤ ខែ ។

លោក Wu Xiaolong បានបន្តថា​ គម្រោងទំនប់ទឹកស្អាត Datengxia ដែលមានចម្ងាយប្រហែល ៦គីឡូម៉ែត្រពីតំបន់ទីក្រុង Guiping ខេត្ត Guangxi និងលាតសន្ធឹងលើទន្លេ Qianjiang ក្នុងអាងទន្លេគុជ ប្រវែងជាង១,២០០ ម៉ែត្រ មានទ្វារទឹកចំនួន ២៦ និងម៉ាស៊ីនតួប៊ីនបូមទឹកចំនួន ៨ ។

ការងារសំខាន់ៗរបស់គម្រោង Datengxia ដែលគេស្គាល់ថាជា “សារមន្ទីរវិស្វកម្មទំនប់ទឹក” រួមមានការទប់ទំនប់ទឹក ទ្វារទឹក រោងចក្រអគ្គិសនី ផ្លូវកប៉ាល់ ក៏ដូចជាប្រព័ន្ធធារាសាស្រ្ត និងការបង្ហូរទឹកចេញចូល ក៏ដូចជាទុកសម្រាប់ច្រកចេញចូលរបស់មច្ឆាជាតិជាដើម ។ ទន្ទឹមនោះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរុករក និងបង្កើនអត្ថប្រយោជន៍នៃការដឹកជញ្ជូន វាចាំបាច់ក្នុងការកសាង “ច្រកទ្វារដ៏ទំនើប” មួយ។

គម្រោង Datengxia ត្រូវបានបំពាក់ដោយម៉ាស៊ីនតួប៊ីនលំហូរទឹកប្រភេទស្លាបចក្រតែមួយផ្លែចំនួន ៨ គ្រឿង ដែលមានសមត្ថភាពផលិតថាមពលបាន ២០០ មេហ្គាវ៉ាត់ជាមួយនឹងកម្លាំងជំរុញ ៣,៨០០ តោន ក្រោយពេលដំណើរការសាកល្បងរយៈពេល ៧២ ម៉ោង ហើយវាក៏ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសចិនផងដែរ ។

ក្នុងអំឡុងពេលសាងសង់គម្រោងនេះ ក្រុមហ៊ុន Datengxia បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបង្កើតប្រព័ន្ធការពារបរិស្ថានទឹកដ៏ធំបំផុតនៅក្នុងប្រទេសចិន រួមទាំងមជ្ឈមណ្ឌលអភិរក្សត្រីដ៏កម្រនៅទន្លេ Hongshui, ផ្លូវទំនប់មេត្រីនៃទន្លេ Qianjiang និងផ្លូវចិញ្ចឹមត្រីជីវសាស្ត្រនៃទន្លេ Nanmu, ស្ថានីយ៍បង្កាត់ពូជត្រីនៅទន្លេ Datengxia និងទន្លេ Laibin Hongshui, សំបុកត្រីសិប្បនិម្មិតចំនួន ៤ និងកន្លែងពងកូនសិប្បនិម្មិចំនួន ១ ដើម្បីជួយដល់ការការពារប្រព័ន្ធអេកូឡូស៊ីនៃអាងទន្លេគុជ ។

ចំណែកគម្រោងវារីអគ្គិសនីទន្លេ Hongshui ដែលជាគម្រោងផ្លូវទឹកតភ្ជាប់ទន្លេ និងសមុទ្រគ្រោងសាងសង់នៅប្រទេសចិនដែរនោះ មានស្ថានីយថាមពលល្បាក់ចំនួន ១០ ខណៈគម្រោង Datengxia ជាល្បាក់ចុងក្រោយ ហើយចំពោះការបញ្ចប់គម្រោង Datengxia នេះដែរ បង្ហាញពីការបញ្ចប់គម្រោងការអភិវឌ្ឍន៍វារីអគ្គីសនីនៃទន្លេ Hongshui ក៏ដូចជាការតភ្ជាប់ពេញលេញនៃ “ច្រករបៀងថាមពលស្អាត” នៅក្នុងអាងទឹកផងដែរ ។

ការរចនាម៉ាស៊ីនផលិតថាមពលប្រចាំឆ្នាំក្នុងចំនួន ៦,០៥៥ ជីហ្គាវ៉ាត់ម៉ោងនៃគម្រោង Datengxia គឺមានលើសពីពាក់កណ្តាលនៃការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំរបស់ទីក្រុង Nanning រដ្ឋធានី Guangxi ។ គម្រោង Datengxia គឺជាការគាំទ្រដ៏សំខាន់សម្រាប់សន្តិសុខថាមពលក្នុងតំបន់ ហើយរហូតមកដល់ពេលនេះ ការផលិតថាមពលបន្ថែមនៃគម្រោងទំនប់ទឹកមួយនេះ មានកម្លាំងលើសពី ១២,៣០០ ជីហ្គាវ៉ាត់ម៉ោង ។

ការសាងសង់គម្រោង Datengxia បានបើកនូវការដឹកជញ្ជូនសំខាន់ៗប្រមាណ ១០០ លានតោនលើផ្លូវទឹកមាសនៃទន្លេ Xijiang ។ បរិមាណនាវាចរណ៍នៃផ្លូវទឹកទន្លេ Qianjiang ត្រូវបានធ្វើឲ្យប្រសើរឡើងពីកម្រិត ៣០០ តោនទៅកម្រិតខ្ពស់បំផុត ៣,០០០ តោននៅក្នុងផ្លូវទឹកក្នុងប្រទេសចិន ព្រោះថា គម្រោង Datengxia ជាមជ្ឈមណ្ឌលដ៏សំខាន់របស់ផ្លូវទឹកមាសនៃទន្លេគុជ ដើម្បីសម្រេចបាននូវការតភ្ជាប់ជាមួយទន្លេ និងសមុទ្រ ។

បើតាមនាយកមជ្ឈមណ្ឌលគ្រប់គ្រងផ្លូវទឹករបស់ក្រុមហ៊ុន Datengxia លោក Wang Xiaolin បានឱ្យដឹងដែរថា៖ “បន្ទាប់ពីការធ្វើនាវាចរណ៍នៃគម្រោងទំនប់ទឹក Datengxia រួចមក ផ្នែកនៃទន្លេដែលមានចម្ងាយជាង ១០០ គីឡូម៉ែត្រនៅតំបន់អាងស្តុកទឹក Datengxia ត្រូវបានប្រែក្លាយជាប្រឡាយ ហើយច្រាំងថ្មចោទដ៏គ្រោះថ្នាក់ និងថ្មប៉ប្រះទឹកបានលិចទៅបាតទន្លេជាអចិន្ត្រៃយ៍” ។

ផ្លូវកប៉ាល់សម្រាប់គម្រោង Datengxia បានបើកឱ្យធ្វើចរាចរណ៍ ២៤ ម៉ោងក្នុងមួយថ្ងៃ ជាមួយនឹងបរិមាណទំនិញរហូតដល់ ១៨,០០០ តោន ដែលស្មើនឹងសមត្ថភាពដឹកជញ្ជូនតាមផ្លូវដែកចំនួន ៣០០ គ្រឿង ។ រាប់ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០២០ មក កប៉ាល់ដឹកទំនិញបានបើកឆ្លងកាត់គម្រោង Datengxia មានលើសពី ២០០ លានតោន។

គម្រោង Datengxia ដែលជាផ្លូវទឹកដ៏សំខាន់នៅភាគនិរតីនៃប្រទេសចិនភ្ជាប់ទៅកាន់សមុទ្រ គ្រប់គ្រងធនធានទឹក និងតំបន់អាងទន្លេ Xijiang ប្រមាណ ៥៦ ភាគរយ ជាពិសេសដោយសារតែទីតាំងភូមិសាស្ត្រលើទន្លេគុជ គម្រោងមួយនេះត្រូវបានគេហៅថា “ជ្រលងភ្នំបី” ។

យោងតាមលោក Hua Rongsun នាយកមជ្ឈមណ្ឌលគ្រប់គ្រងគម្រោងក្រុមហ៊ុន Datengxia និយាយថា ការរួមបញ្ចូលគ្នានៃគម្រោង Datengxia និងក្រុមអាងស្តុកទឹក ៦ អាចបង្កើនស្តង់ដារគ្រប់គ្រងទឹកជំនន់ក្នុងទីក្រុង Wuzhou ចន្លោះពី ៥០ ឆ្នាំទៅ ១០០ ឆ្នាំ និងបង្កើនស្តង់ដារគ្រប់គ្រងទឹកជំនន់ធំៗនៅក្នុងតំបន់ដីសណ្ដទន្លេភាគពាយ័ព្យ ចន្លោះពេល ១០០ ឆ្នាំទៅ ២០០ ឆ្នាំ។

បើតាមការបញ្ជាក់ពីលោក Deng Xunfa នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Datengxia លើកឡើងថា “គុណភាពទឹកនៅក្នុងអាងទន្លេ Xijiang គឺល្អឥតខ្ចោះ ដែលជាប់ចំណាត់ថ្នាក់ល្អមួយក្នុងចំណោមប្រព័ន្ធទឹកកំពូលទាំង ៧ នៅក្នុងប្រទេសចិន ស្របពេលដែលបច្ចុប្បន្ន គម្រោង Datengxia ក៏កំពុងបន្តផ្តល់ទឹកស្អាតទៅដល់ខេត្ត Guangxi, ខេត្ត Guangdong និងម៉ាកាវផងដែរ។

ក្នុងនាមជាខែលការពារទី ២ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹករបស់ម៉ាកាវ និងទីក្រុង Zhuhai វាអាចកាត់បន្ថយពេលវេលាឆ្លើយតបទៅនឹងការផ្គត់ផ្គង់ទឹកបន្ទាន់ចេញពីអាងពី ១០ ថ្ងៃមកត្រឹម ៣ ថ្ងៃ ហើយវាក៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ព្រឹត្តិការណ៍ជាច្រើន ដូចជាការកើនឡើងនៃជំនោរ ការបំពុលទឹកភ្លាមៗ គ្រោះរាំងស្ងួត និងកង្វះទឹកនៅតំបន់ដីសណ្ដទន្លេគុជជាដើម។

សូមជម្រាបជូន​ថា​ ចាប់តាំងពីច្រាំងទន្លេត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២០ មក គម្រោងទំនប់ទឹក Datengxia បានចូលរួមក្នុងប្រតិបត្តិការរំដោះទឹកចំនួន ១២ លើចេញពីក្នុងអាងទឹក ។ រហូតមកដល់ពេលនេះ ទឹកសរុបចំនួន ១.៨ ពាន់លានម៉ែត្រគូប ត្រូវបានបំពេញបន្ថែមសម្រាប់ផ្នែកខាងក្រោម ដើម្បីធានាសុវត្ថិភាពទឹកជូនប្រជាជននៅក្នុងតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GHM) រួមទាំងទីក្រុង Zhuhai ផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖