ក្លិប Ajax Amsterdam បានតែងតាំងលោក John van’t Schip ជាគ្រូបង្វឹកបណ្តោះអាសន្នមួយសប្តាហ៍បន្ទាប់ពីពួកគេបានចែកផ្លូវជាមួយ Maurice Steijn ក្លិបនៅលីកកំពូលហុល្លង់ Eredivisie បានប្រកាសកាលពីថ្ងៃចន្ទទី៣០ ខែតុលា។
ពេលវេលារបស់លោក Steijn នៅក្លិបបានឈានដល់ទីបញ្ចប់បន្ទាប់ពីការបរាជ័យក្នុងលីកចំនួន៤ប្រកួតបានធ្វើឱ្យ Ajax ស្ថិតនៅលំដាប់ទី២ពីបាតតារាង។ កាលពីថ្ងៃអាទិត្យពួកគេបានធ្លាក់ទៅកាន់បាតតារាងបន្ទាប់ពីចាញ់ក្រុមកំពូលតារាង PSV Eindhoven ក្នុងលទ្ធផល ៥-២។
ក្លិបបានប្រកាសថា “Ajax តែងតាំងលោក John van’t Schip ជាគ្រូបង្វឹកបណ្ដោះអាសន្ន។ Ajax ចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្លឹបចាប់ពីថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ លោក Van’t Schip និង Ajax បានយល់ព្រមឱ្យគាត់ឈានជើងចូលមុខងារក្នុងការគ្រប់គ្រងបច្ចេកទេសរបស់ក្លិបចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ផងដែរ“។
បុរសវ័យ៥៩ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពលេងរបស់គាត់នៅក្រុម Ajax ហើយបានចំណាយពេល១១ឆ្នាំនៅក្លិប ក្រោយមកបានត្រលប់មកវិញក្នុងនាមជាជំនួយការអ្នកចាត់ការទូទៅរបស់លោក Marco Van Basten និងជាអ្នកគ្រប់គ្រងបណ្តោះអាសន្នក្នុងឆ្នាំ២០០៩។
លោក John van Halst នាយកប្រតិបត្តិក្លិប Ajax បាននិយាយថា “John គឺជាបុរសពិតរបស់ Ajax ដែលមានបទពិសោធន៍ជាតិ និងអន្តរជាតិជាច្រើននៅលើទីលាន និងបន្តបន្ទាប់នៅក្នុងក្លិប។ សម្រាប់ពួកយើង គាត់គឺជាមនុស្សត្រឹមត្រូវក្នុងការផ្តល់នូវភាពវិជ្ជមានចំពោះការសម្តែងរបស់យើង។ ជាដំបូងក្នុងនាមជាគ្រូបង្វឹកក្រុមទីមួយ សម្រាប់រយៈពេលវែង យើងមើលឃើញពីតួនាទីបច្ចេកទេសផ្សេងសម្រាប់គាត់”។
តំណែងអ្នកចាត់ការចុងក្រោយរបស់គាត់បានឃើញគាត់ជាគ្រូបង្វឹកក្រុមជម្រើសជាតិក្រិកអស់រយៈពេលជាង២ឆ្នាំរហូតដល់ឆ្នាំ២០២១ ហើយជំនួយការគ្រូបង្វឹករបស់គាត់នៅក្នុងតួនាទីនោះគឺលោក Michael Valkanis ឥឡូវនេះនឹងចូលរួមជាមួយគាត់ជាជំនួយការរបស់គាត់នៅ Ajax ម្តងទៀត៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)