ចិន ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងទៅកាន់ថ្នាក់ ដឹកនាំក្រសួងការពារជាតិ និងកងទ័ពជាង ៦០ប្រទេស ដែលបានចូលរួមនៅក្នុងវេទិកាសៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃ ទី៣០ ខែតុលា ឆ្នាំ២០២៣ ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានការរារែក ក្នុងការបញ្ជូនកងទ័ពរបស់ខ្លួន ដើម្បីចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនោះឡើយ ខណៈការបញ្ជូននេះគឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការឲ្យតម្លៃចំពោះសន្តិភាព។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា«ក្នុងនាម ជាប្រទេសដែលចូលរួមចំណែកបរិច្ចាគកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាព កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រតិបត្តិការរក្សាសន្តិភាព ដែលជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់យើងចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។
វេទិកាសៀងសាន (Xiangshan) លើកទី១០ ដែលបានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងប៉េកាំង ដោយមានការអញ្ជើញចូលរួមពី ប្រមុខថ្នាក់ដឹកនាំការពារជាតិ និងកងទ័ពមកពីបណ្តាប្រទេសនៅ អឺរ៉ុប,អាហ្វ្រិក,អាស៊ី និងប្រទេសក្នុងតំបន់អាស៊ានចូលរួមជាង ៦០ប្រទេស ។
សូមបញ្ជាក់ថា រយៈពេល១៧ឆ្នាំមកនេះកម្ពុជា បានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩២០៥នាក់ ក្នុងនោះនារីចំនួន៧២៦នាក់។
ប្រទេសដែលកម្ពុជា បានបញ្ជូនកងទ័ពរបស់ខ្លួនក្រោមឆត្រអង្គការសហប្រជាជាតិនោះគឺមានប្រទេសសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, យេមេន និងកុងហ្គោជាដើម។ ជំនាញរបស់កងទ័ពកម្ពុជា ដែលបានបញ្ជូនទៅនោះមានដូចជា ជំនាញបោសសំអាតមីន, កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ,កងរាជអាវុធហត្ថ,វិស្វកម្មពហុជំនាញ,នាយទាហានសេនាធិការ និងសង្កេតការណ៍យោធាជាដើម៕
ដោយ៖ សូរិយា