ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងព្រះវិហារ សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មានគេហទំព័រ អាយធីវីអនឡាញ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលក្រុងព្រះវិហារ សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មានគេហទំព័រ អាយធីវីអនឡាញ កាលពីថ្ងៃទី៣០  ខែតុលា  ឆ្នាំ២០២៣  សារព័ត៌មានគេហទំព័រ អាយធីវីអនឡាញ (EYE TV ) បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក លើកឡើងថាប្រជាពលរដ្ឋនៅភូមិភារកិច្ចប្រមាណជាង 50 គ្រួសារបច្ចុប្បន្នកំពុងភ័យស្លន់ស្លោផ្នែកនៅកញ្ចឹងកដោយពួកគាត់ទាំងនោះលើកឡើងថា ក្រោយមានមន្ត្រីសាលាក្រុងព្រះវិហារចុះបាញ់ថ្នាំ បោះបង្គោលឃ្លុំដីលំនៅឋានរបស់ពួកគាត់រស់នៅសព្វថ្ងៃទុកជាសម្បត្តិរដ្ឋនោះ ។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលក្រុងព្រះវិហារសូមបញ្ជាក់ជូនថា ចំពោះសកម្មភាពរបស់ក្រុមការងារគឺការចុះសិក្សាផលប៉ះពាល់រវាងដីរក្សាទុករបស់រដ្ឋ និងដីអាស្រ័យផលដែលត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ តាមអនុក្រឹត្យលេខ២០៦ អន.ក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកាត់ឆ្វៀលដីទំហំ៣១៧ហិកតា ៣៨អា ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដោយដីទំហំ២៣៤ហិកតា ៤៥អា សម្រាប់ប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន៦៣៦គ្រួសារ និង៨២ហិកតា ៩៣អា រក្សាទុកទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ  និងប្រគល់ជូនគណៈកម្មការ គ្រប់គ្រងដីរដ្ឋខេត្តព្រះវិហារគ្រប់គ្រងថែរក្សាការពារឲ្យបានគង់វង្ស ។

– រដ្ឋបាលក្រុងព្រះវិហារ មិនមែនចុះវាស់វែងដើម្បីកំណត់រឹបអូសដីរបស់ប្រជាពលរដ្ឋនោះទេ គឺដើម្បីសិក្សាផលប៉ះពាល់ រវាងដីរក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ និងដីអាស្រ័យផលដែលត្រូវកាត់ឆ្កៀលជូនប្រជាពលរដ្ឋ ។

– ចំពោះបងប្អូនប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារ ដែលសារព័ត៌មាន អោយជីវីអនឡាញ (EYE TV) បានលើកឡើង ខាងលើ គណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នឹងចុះផ្សព្វផ្សាយណែនាំ អំពីគោលការណ៍នៃការអនុវត្តនីតិវិធី ។

រដ្ឋបាលក្រុងព្រះវិហារសូមស្វាគមន៍ជានិច្ចចំពោះការបកស្រាយបំភ្លឺជូនដល់គេហទំព័រសារព័ត៌មានខាងលើ នៅរៀងរាល់ ម៉ោងបំពេញការងារ នៅរដ្ឋបាលក្រុងផ្ទាល់ ។

អាស្រ័យហេតុនេះសូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សាធារណជន បងប្អូនប្រជាពលរដ្ឋ និងបណ្តាញ សារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ : សហការី


ចែករំលែក៖