ព័ត៌មានទាន់ហេតុការណ៍៖

អង្ករសែនក្រអូប SKO ឈ្នះពានរង្វាន់មាសពីកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករគ្រាប់វែង ចិន-អាស៊ាន ជាលើកទី១

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសអបអរសាទរ ដែលអង្ករសែនក្រអូប SKO  ឈ្នះពានរង្វាន់ពីកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករគ្រាប់វែងចិន-អាស៊ានជាលើកទី១ ដែលកម្មវិធីរៀបចំដោយវិទ្យាស្ថានវិទ្យាសាស្រ្តស្រូវនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្ម ខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣។ 

សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ជាលទ្ធផលពីកិច្ចការប្រកួតនៅក្នុង ចំណោមសំណាក់អង្ករនៃពូជស្រូវចំនួន ៦១ ក្នុងនោះ ចំនួន ១២ ប្រភេទ មកពីប្រទេសអាស៊ានចំនួន ៥ ប្រទេស និងចំនួន ៤៩ ប្រភេទមកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវនៅប្រទេសចិន។

អង្ករម៉ាក សមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប ត្រូវបានទទួលស្គាល់ដោយ គណៈកម្មា ធិការប្រកួតជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងៗទៀត។

សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាកសិករទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ដាំដុះ ថែទាំ និងផ្តល់នូវគ្រាប់ស្រូវដែលផលិតចេញពីអង្ករដែលមានគុណភាព ឱជារស មិនតែប៉ុណ្ណោះសម្រស់គ្រាប់អង្ករបានយ៉ាងល្អ ដែលនាំឱ្យទទួលបាននូវពានរង្វាន់មាសនៅពេលនេះ។

សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ដែលជារោងម៉ាស៊ីនកិនស្រូវដែលបានផ្តល់នូវវត្ថុសំណាកអង្ករសម្រាប់ជ្រើសរើសចូលរួមក្នុងការប្រកួត និងថ្លែងអំណរគុណដល់ក្រុមហ៊ុន  CICC (Cambodia) ដែលជួយសម្របសម្រួលផ្នែកភស្តុភារកម្មក្នុងការចូលរួមប្រកួតបានទាន់ពេលវេលា ព្រមទាំងថ្លែងអំណរគុណដល់ លោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដែលជួយចូលរួមទទួលនូវពានរង្វាន់កិត្តិយសនេះសម្រាប់វិស័យស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា  បានអំពាវនាវដល់ប្រជាកសិករទាំងអស់ បន្តខិតខំការងារដាំដុះស្រូវដែលប្រកបដោយគុណភាព និងមោទនភាពជាបន្តទៀត។ ការទទួលបាននូវពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែខ្លាំងឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។

អង្ករសែនក្រអូប ម៉ាក SKO ត្រូវបានកិនកែច្នៃពីពូជស្រូវសែនក្រអូប០១ ត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១៩៕

ដោយ៖ សូរិយា


ចែករំលែក៖