ខេត្តព្រះសីហនុ ៖ សាងអី ទទួលបានផលនឹង ! កុំប្រឹងទទួលប្រាក់ពីបទល្មើស វានឹងមានបាបកម្ម ពីទ្រព្យសម្បត្តិដ៏ក្តៅក្រហាយនេះហើយ ។
ជាក់ស្តែង អស់ពី កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួននាយអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន៦រូប បញ្ជូនទៅតុលាការ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឥឡូវធ្លាក់មកដល់ នគរបាលម្តងហេីយ! គឺអធិការរង ទទួលផែន គ្រឿងញៀន និងនាយប៉ុស្តិ៍ ត្រែងត្រយឹង ស្រុកភ្នំស្រួច កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ តាមដីកាបង្គាប់ឱ្យចូលខ្លួន របស់លោក អុីវ ត្រាយ តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ ឱ្យចូលខ្លួនមុនថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ករណីឃាត់ខ្លួននេះតំណាងអយ្យការ យល់ឃើញថា មានពិរទ្ធភាព នៃបទល្មើស ទើបចេញដីកាបង្គាប់ឱ្យចូលខ្លួន ដើម្បីធ្វើការស្ដាប់ចម្លើយទាក់ទងនឹងបទល្មើស ជួញដូរគ្រឿងញៀន (ពាក់ព័ន្ឋជាមួយនឹងជន ត្រូវចោទឈ្មោះ ស សារ៉ាន់ ភេទប្រុស ប្រព្រឹត្តនៅចំណុចភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ និងនៅចំណុចភូមិ៣ ឃុំដូនពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៣ ។
សូមបញ្ជាក់ថា ៖ ករណីបទល្មើសគ្រឿងញៀន ដល់ម៉ោង សមត្ថកិច្ចប្រើវិធានការក្តៅហើយ ! គឺដំបូងឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ១ រូប និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ព្រមទាំងមន្ត្រីអាវុធហត្ថ៤រូបទៀតសង្ស័យពាក់ ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន ។
បើតាមអោយដឹងពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឱ្យដឹងថា៖ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថ ៤រូបទៀតត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធរឿងទទួល ផលបទល្មើសគ្រឿងញៀន។
ក្នុងនោះយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រីអេង ហុី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេសឱ្យដឹងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ,មេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តម សេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅ៖
១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសគ្រឿងញៀន និងបានស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ ព័ន្ធមួយចំនួន។ កម្លាំងជំនាញក៏បានពន្លាតដែនសមត្ថ កិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។
២- នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន ០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។
៣- តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង០៦រូបនេះ ពុំមានផ្ទុកសារធាតុញៀននោះទេ។
៤- មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត”។
៥- ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិស ស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាពលរដ្ឋត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។
មជ្ឈដ្ឋានមហាជន រង់ចាំមើលថាតើក្រោយការចាប់ខ្លួន លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ,លោកពេជ្រ ទីន មន្ត្រីអាវុធហត្ថខេត្ត,លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច,លោក មុន្នី មេបញ្ជាការរងកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច និងមន្ត្រីតាមស្នាក់ការពីរនាក់ទៀតមិនទាន់ស្គាល់ឈ្មោះ ។
សូមបញ្ជាក់ថា ៖ «មជ្ឈដ្ឋានទូទៅគាំទ្រចំពោះចំណាត់ការរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានវិធានការមុឺងម៉ាត់ ចំពោះនាយអាវុធហត្ថដែលពាក់ព័ន្ធបទល្មើស ត្រូវមានវិធានការផ្លូវច្បាប់» ។
សូមរម្លឹកថា៖ សមត្ថកិច្ចបើខ្លួនក្បត់ឧត្តមគតិ អនុវត្តខុសពីតួនាទីភារកិច្ច ដើម្បីទទួលផលពីបទល្មើស គឺអ្នកទទួល មកវិញ គឺបាបកម្ម ព្រោះប្រាក់ទាំងនោះ ជាប្រាក់ក្តៅក្រហាយ !
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត»ថា៖ ករណីជនសង្ស័យនាយអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ៦រូប ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន បានបញ្ជូនទៅតុលាការតាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។ បច្ចុប្បន្នផុតដៃខាងមន្ត្រីនគរបាលយុត្តិធម៌ហើយ ៕
ដោយ ៖ សហការី