ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលនៃកិច្ចប្រជុំ  បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យសិក្សា។

សេចក្តីព្រាងច្បាប់ទាំងបីដែលស្នើឡើងដោយរាជរដ្ឋាភិ បាលមាន សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមឺរ៉ាតអារ៉ាប់រួម សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២  និងសេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ 

ក្រោយពីការពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធីលើសេចក្តីព្រាងច្បាប់និងសេចក្តីស្នើវិសោធនកម្ម មាត្រាមួយចំនួន បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ខាងលើរួចហើយ គណៈកម្មការជំនាញរដ្ឋសភា ដែលទទួលភារកិច្ច ត្រូវរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍វិញ៕

ដោយ៖ សូរិយា


ចែករំលែក៖