សារព័ត៌មាន Reuters នៅថ្ងៃទី២ខែវិច្ឆិកាបានផ្សាយថា ចិនបានបង្គាប់ឱ្យបង្ហូតទង់ជាតិមកនៅត្រឹមពាក់កណ្ដាលដងនៅឯទីលាន Tiananmen ស្ថិតនៅចំកណ្ដាលបេះដូងនៃរដ្ឋធានីប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកានេះជាពេលដែលសពរបស់អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang នឹងត្រូវបានបូជាតាមប្រពៃណីចិន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅក្នុងសេចក្ដីរាយការណ៍មួយអមជាមួយរូបភាពមួយសន្លឹកនៃទង់ជាតិបង្ហូតពាក់កណ្ដាល បានគូសបញ្ជាក់ដូច្នេះ ថា «ជាការចងចាំដល់សមមិត្ត Li Keqiang ទង់ជាតិនឹងត្រូវបង្ហូតត្រឹមពាក់កណ្ដាលដងនៅឯទីលាន Tiananmen នៃរដ្ឋធានី (ប៉េកាំង)»។
ព្រមពេលជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ (Xinhua) ទង់ជាតិក៏នឹងត្រូវបានបង្ហូតពាក់កណ្ដាលដងផងដែរនៅឯសាលវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង ក្រសួងការបរទេស រដ្ឋាភិបាលតំបន់ រួមទាំងបេសកកម្មការទូត។
លោក Li Keqiang ជាអតីតសេដ្ឋវិទូ និងជាមេដឹកនាំគាំទ្រការធ្វើកំណែទម្រង់ម្នាក់ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីចិនអស់រយៈពេល ១០ឆ្នាំ មុននឹងចូលនិវត្តន៍កាលពីខែមីនាកន្លងទៅនេះ បានទទួលមរណភាពដោយសារគាំងបេះដូង ក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយសពរបស់លោកត្រូវនាំមកកាន់ទីក្រុងប៉េកាំង ក្នុងថ្ងៃដដែលនោះដែរ៕ ដោយ៖ធីរីណា
រូបថត៖ AFP
រូបថត៖ AP