មតិសាធារណៈអន្តរជាតិបបាននិងកំពុងបន្តប្រតិកម្មយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អុីស្រាអែលទៅលើជំរំជនភៀសខ្លួន Jabalia នៅភាគខាងជើង Gaza Strip ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 50 នាក់។
កាលពីថ្ងៃទី ១ ខែវិច្ឆិកា លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយថា ប្រធានអង្គការពហុភាគីដ៏ធំបំផុតរបស់ពិភពលោកបានសម្តែងការភ្ញាក់ផ្អើលចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់ Gaza ជាពិសេសការវាយប្រហារតាមអាកាសរបស់អុីស្រាអែលទៅលើតំបន់លំនៅឋាននៃជំរំជនភៀសខ្លួន Jabalia ។ អគ្គលេខាធិការ Guterres ក៏បានអំពាវនាវជាថ្មីម្តងទៀតដល់ភាគីទាំងអស់ឱ្យគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិនិងបញ្ចប់អំពើហិង្សាដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននេះ។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលបញ្ហាមនុស្សធម៌និងជំនួយសង្គ្រោះបន្ទាន់ លោក Martin Griffiths ក៏បានពណ៌នាថា នេះជាឧប្បត្តិហេតុធ្ងន់ធ្ងរចុងក្រោយបំផុតដែលកើតឡើងចំពោះប្រជាជននៅតំបន់ហ្គាហ្សា ជាកន្លែងដែលជម្លោះ “បានឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ” ជាមួយនឹងផលវិបាកមនុស្សធម៌កាន់តែធ្ងន់ធ្ងរ»។ គាត់បានសង្កត់ធ្ងន់ថា “ស្ថានភាពនេះមិនអាចបន្តបានទេហើយយើងត្រូវការការផ្លាស់ប្តូរដ៏ធំមួយ” ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃតែមួយដោយសង្កត់ធ្ងន់លើចំនួនខ្ពស់នៃអ្នកស្លាប់ និងកម្រិតនៃការបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អុីស្រាអែលលើជំរំជនភៀសខ្លួន Jabalia ទីភ្នាក់ងារនេះមានការព្រួយបារម្ភថា សកម្មភាពខាងលើ “អាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម”៕
ដោយ៖ ធីរីណា(រូបថត៖ AFP/TTXVN)