ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់អំពាវនាវឱ្យប្រទេសមូស្លីមដាក់ទណ្ឌកម្មលើប្រេងនិងអាហារទៅអុីស្រាអែល

ចែករំលែក៖

មេដឹកនាំកំពូលរបស់អុីរ៉ង់ Ayatollah Seyyed Ali Khamenei បានអំពាវនាវឱ្យបណ្តាប្រទេសមូស្លីមដាក់ទណ្ឌកម្មប្រេង និងអាហារលើអុីស្រាអែល ដើម្បីទប់ស្កាត់ការវាយប្រហាររបស់គេលើតំបន់ហ្គាហ្សាស្ទ្រីប។
“អ្វីដែលរដ្ឋាភិបាលអ៊ិស្លាមត្រូវតែទទូចគឺការបញ្ចប់ជាបន្ទាន់ចំពោះឧក្រិដ្ឋកម្មនៅហ្គាហ្សា។ លោក Khamenei បាននិយាយដោយអំពាវនាវឱ្យប្រទេសមូស្លីមបញ្ឈប់ការនាំចេញប្រេង និងអាហារទៅកាន់ប្រទេសអុីស្រាអែល ការទម្លាក់គ្រាប់បែកនៅហ្គាហ្សាត្រូវតែបញ្ឈប់ជាបន្ទាន់។
មេដឹកនាំកំពូលរបស់អុីរ៉ង់បានចង្អុលបង្ហាញថា អ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប បាននាំឱ្យមនុស្សដើរតាមដងផ្លូវដើម្បីថ្កោលទោសសកម្មភាពរបស់អុីស្រាអែល មិនត្រឹមតែនៅក្នុងប្រទេសដែលកាន់សាសនាអ៊ិស្លាមប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិចផងដែរ។
កន្លងមក នៅពាក់កណ្តាលខែតុលា រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Hossein Amir-Abdollahian ក៏បានអំពាវនាវឱ្យបណ្តាប្រទេសមូស្លីម ដាក់ទណ្ឌកម្មប្រេង “ភ្លាមៗ និងទូលំទូលាយ” លើអុីស្រាអែលផងដែរ។
កាលពីខែមុន សារព័ត៌មាន Associated Press បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីអុីរ៉ាក់ Mohammed Shia al-Sudani ដោយព្រមានថា ការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ាទៅកាន់ទីផ្សារអន្តរជាតិអាចត្រូវបានរំខាន ប្រសិនបើប្រទេសផ្សេងទៀតចូលរួមក្នុងជម្លោះអុីស្រាអែល-ហាម៉ាស់៕ ដោយ៖ ធីរីណា

រូប​ថត​៖ IRNA


ចែករំលែក៖