ភ្នំពេញ៖ ក្រសួងការពារជាតិ នៅព្រឹក ថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ (៣ត្រីមាស)កន្លងមក និងលើកទិសដៅអនុវត្តន៍បន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣។
កិច្ចប្រជុំបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ តំណាង លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួងការពារជាតិ តំណាងគ្រប់អង្គភាពចំណុះ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន កងទ័ពជើងគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានកងទ័ពជើងអាកាស និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
នាយឧត្តមសេនីយ៍ នាង ផាត បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោម ចំណុះក្រសួងការពារជាតិ ដែលបានបំពេញភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើររយៈពេល ៣ត្រីមាសកន្លងមកនេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានជំរុញបន្ថែមទៀតដល់ បណ្តាអង្គភាពទាំងអស់យកចិត្តទុកដាក់អនុវត្តន៍តាមតួនាទីភារកិច្ច ដើម្បីសម្រេចបាន លទ្ធផលតាមផែនការដែលបានដាក់ចេញ ហើយជាពិសេសត្រូវត្រៀមលក្ខណៈក្នុងការ ជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរងគ្រោះដោយទឹកជំនន់ នារដូវវស្សានេះ។
សម្រាប់ទិសដៅបន្ត នាត្រីមាសទី៤ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានជំរុញការយកចិត្តទុកដាក់អនុវត្តន៍ តាមគោលនយោបាយយុទ្ធសាស្ត្របញ្ច កោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងនោះក៏មានបន្តរក្សានិរន្តរភាពនៃការធ្វើកំណែ ទម្រង់កងយោធពលខេមរភូមិន្ទផងដែរ។
យោងតាមរបាយការណ៍ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣នេះ កងយោធពលខេមរ ភូមិន្ទបានយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចចំពោះមុខដោយសម្រេចបានសមិទ្ធ ផលជាច្រើន ដោយរក្សាបាននូវសុខសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី ជាពិសេស សន្តិសុខនៅតាមបណ្តោយព្រំដែន។ កងយោធពលខេមរភូមិន្ទ ក៏បានចូលរួម និងសហការ ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទផងដែរ ជាក់ស្ដែងករណីបទ ល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើត ឡើងចំនួន ២ ៤៣៣លើក កងយោធពល ខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន១.៥៧៦លើក។
អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការធ្វើ សមយុទ្ធនាគមាស២០២៣, សមយុទ្ធផ្នែក សុខាភិបាលទេវតាសន្តិភាពឆ្នាំ២០២៣ និងលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលាន សកម្មភាពមីនមនុស្សធម៌ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោម ប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ២០២៣» ដែលបានបញ្ចប់ប្រកបដោយជោគជ័យ តាមការ គ្រោងទុក ជាមួយនឹងការទទួលបាននូវលទ្ធផលល្អ និងបទពិសោធន៍ថ្មីៗសម្រាប់អនុវត្តន៍នៅ ពេលអនាគតផងដែរ ៕
ដោយ៖ សហការី