ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ៖ ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមិនខុសនោះទេ ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងក្លាយជាប្រទីបនាំផ្លូវ ដោយប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិត ចំនួន ១៨ ១៩០ នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ២៩ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមុិញ។
ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបន្ទុកតាក់តែងគោលនយោបាយជាក់ស្តែងនិយម រៀបចំផែនការ ចាត់តាំងអនុវត្ត តាមដាននិងត្រួតពិនិត្យរាលការអនុវត្ត និងធ្វើការវាយតម្លៃ ដើម្បីធានាដល់ប្រសិទ្ធផលជូនជាតិ និងប្រជាជន។
រាជរដ្ឋាភិបាល មានតួនាទីជាអ្នកបង្ហាញទីកន្លែងដែលមានបឹង និងបង្រៀនប្រជាពលរដ្ឋឱ្យចេះស្ទួចត្រី ហើយក៏នឹងផ្តល់ត្រីជូនដល់ប្រជាពលរដ្ឋដែលមានការលំបាក ងាយរងគ្រោះ និងមានតម្រូវការអាទិភាព ដើម្បីអាចរស់នៅបានល្អ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កត្តាសំខាន់៣ ដែលរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ គឺ៖ ១. ការធានាបរិស្ថានសុខសន្តិភាព ការលើកទឹកចិត្តដល់ការវិនិយោគ និងប្រកបធុរកិច្ចគ្រប់ប្រភេទ ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង៣. ធនធានមនុស្ស៖ សុខភាព និងចំណេះដឹង ។
ដូចនេះសូមបងប្អូនទាំងអស់ចាប់យកឱកាសនេះ ដើម្បីជួយដល់ខ្លួនឯង អភិវឌ្ឍខ្លួន និងខិតខំដើម្បីការរីកចម្រើនទៅមុខ តាមរយៈការពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅ៕
ដោយ ៖ សហការី