ភ្នំពេញ៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានទទួលជួបលោកវរសេនីយ៍ឯក ជិន វ៉ន់តឹម ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ដើម្បីជូនពរក្នុងឱកាសខួបលើកទី៧០ ដែលជាថ្ងៃទិវាបុណ្យឯករាជ្យ ជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣ ។
ក្នុងបរិយាកាសដ៏សែនរីករាយស្និទ្ធស្នាល លោកវរសេនីយ៍ឯក ជិន វ៉ន់តឹម ក្នុងនាមក្រសួងការពារ ប្រទេស និងអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានសម្ដែងការអបអរសាទរ ជាមួយរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានជូនពរ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការប្រចាំការ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពល ទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលជោគជ័យក្នុងភារកិច្ច បម្រើជាតិ និងប្រជាជន។
លោកវរសេនីយ៍ឯក ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាម ក៏បានរំលេចពីព្រឹត្តិការណ៍ថ្មីៗ ដែលភាគីកងទ័ពនៃប្រទេសយើងទាំងពីរ បានធ្វើការផ្លាស់ប្ដូរប្រតិភូធ្វើទស្សនកិច្ចទៅវិញទៅមក ដោយវាយតម្លៃថា បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀ។
នាយឧត្ដមសេនីយ៍ នាង ផាត ជំនួសមុខឱ្យនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ បានថ្លែងអំណរគុណដល់ការិយាល័យអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា ដែលបានដឹកនាំប្រតិភូមកជូនពរក្នុងឱកាសនេះ ដែលតាមរយៈនេះបានបង្ហាញពីការផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា ក្នុងនាមមិត្តដ៏ល្អមានភូមិផងរបងជាមួយគ្នា និងធ្លាប់ប្រគៀកស្មាគ្នាប្រយុទ្ធសត្រូវរួម ។
លោករដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានឯកភាពចំពោះការវាយតម្លៃរបស់ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាម នៅក្នុងអនុស្សារណៈទ្វេភាគីរួមរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ក្នុងការផ្លាស់ ប្ដូរដំណើរបំពេញទស្សនកិច្ច គ្នាទៅវិញទៅមក របស់ភាគីកងទ័ពជើងទាំងពីរ។លោកបញ្ជាក់ថា គ្រប់ជំនួបនៃកិច្ចពិភាក្សា រវាងថ្នាក់ដឹកនាំ ប្រតិភូយើងទាំងពីរ តែងបានបង្ហាញជំហររួមគ្នានៅក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
លោករដ្ឋលេខាធិការក្រសួងការពារជាតិ បានផ្ដាំផ្ញើក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងការសាកសួរសុខទុក្ខ និងជូនពរលោករដ្ឋមន្ត្រីក្រសួងការពារប្រទេស,លោកប្រធានអគ្គសេនា ធិការ កងទ័ពប្រជាជនវៀតណាម ថ្នាក់ដឹកនាំ បុគ្គលិកការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា សូមមានសុខភាពល្អ អាយុយឺនយូរនិងសម្រេចជោគជ័យគ្រប់ភារកិច្ចដែលបក្សនិងរដ្ឋវៀតណាមប្រគល់ជូន៕
ដោយ៖ សូរិយា