ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងថា «ថ្ងៃស្អែកគឺជាថ្ងៃចាប់ផ្តើមដំណើរការ សំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានលើកឡើងថា: ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង បន្ទប់ប្រឡងជាដាច់ខាត និងមិនត្រូវប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទបញ្ញត្តិ នៃការប្រឡងឡើយ»។
លោកបន្ថែមថា «ខ្ញុំសូមឱ្យបេក្ខជនទាំងអស់ថែរក្សាអនាម័យ សុខភាពឱ្យបានល្អ ទទួលទានដំណេក បរិភោគអាហារ និងទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ពិសេសអាហារពេលព្រឹក មានភាពក្លាហាន អារម្មណ៍នឹងនរ ប្រកបដោយភាពជឿជាក់ ប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរទៅមណ្ឌលប្រឡង។ ខ្ញុំសូមជូនពរបេក្ខជនទាំងអស់ សូមទទួលបានលទ្ធផលល្អនៅក្នុងការប្រឡង»។
សូមជម្រាបថា ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧,៤១២នាក់ (ស្រី៧៣,២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១,៣៧៩នាក់ (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦,០៣៣នាក់ (ស្រី៤៨,៤៨៩ នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរមានចំនួនសរុប ២២៧មណ្ឌល ត្រូវជា៥,៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា១,៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៥៥មណ្ឌល ត្រូវជា៣,៨៦១បន្ទប់។
មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា: នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេញ ភាពមមាញឹកនៃគណៈគ្រប់គ្រង និងគណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡង នៅថ្ងៃអាទិត្យនេះ គណៈគ្រប់គ្រង និងគណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត កំពុងមានភាពមមាញឹកក្នុងការបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្លង់បន្ទប់ និងបទប្បញ្ញត្តិក្នុងការប្រឡង ព្រមទាំងត្រៀមរៀបចំឯកសារពាក់ព័ន្ធនានាឱ្យបានរួចរាល់ ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានថាដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕
ដោយ ៖ សហការី