ភ្នំពេញ៖ នៅថ្ងៃស្អែកនេះ! គឺជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដូច្នេះនាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គេសង្កេតឃើញថា បេក្ខជនដែលត្រូវប្រឡងបាននាំគ្នាមកពិនិត្យឈ្មោះ លេខបន្ទប់ ,លេខតុ និងបន់ស្រន់ នៅមណ្ឌលប្រឡងនានានៅទូទាំងប្រទេស ដើម្បីសុំសេចក្ដីសុខសប្បាយ សម្រាប់ដំណើរការប្រឡងបាក់ឌុបនេះផងដែរ។
សូមជម្រាបជូនថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងចាប់ផ្ដើមនាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុក នៅតាមមណ្ឌលប្រឡងនានាទូទាំងប្រទេស ដើម្បីបានដឹងពីលេខរៀងតុ និងលេខរៀងបន្ទប់ ក៏ដូចជាប្លង់អាគារ។
ជាក់ស្ដែងទិដ្ឋភាពនៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេស នៅព្រឹកនេះ គឺមានភាពអ៊ូអរព្រោះជាថ្ងៃបិទបង្ហាញឈ្មោះបេក្ខជនប្រឡង។ ជាក់ស្ដែងសម្រាប់មណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ មានទាំងវត្តមានសិស្ស មានទាំងវត្តមានអាណាព្យាបាលជូនកូនមកពិនិត្យ លេខបន្ទប់ប្រឡង លេខរៀងតុ ក៏ដូចជាអាគារប្រឡងឱ្យបានច្បាស់។
សម្រាប់សិស្សដែលបានមកពិនិត្យឈ្មោះប្រឡងនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ មួយចំនួន លើកឡើងថាពួកគេមានភាពជឿជាក់លើខ្លួនឯងថា អាចប្រឡងជាប់ ក៏ដូចជារំពឹងនិទ្ទេសល្អ។ ភាពជឿជាក់នេះ ក៏ដោយសារការព្យាយាមសិក្សាជាខ្លាំងរបស់ពួកគេ។ ពួកគេក៏បានសន្យាធ្វើឱ្យបានល្អបំផុតសម្រាប់ពួកគាត់ជាអ្នកមានគុណ។
ចំពោះអាណាព្យបាលដែលបានជូនកូន មកពិនិត្យឈ្មោះប្រឡងនៅថ្ងៃនេះ ក៏បានមើលឃើញពីការព្យាយាមរបស់កូនសម្រាប់ការប្រឡងមួយនេះដែរ។ ពួកគេជាអាណាព្យាបាល មានតែលើកទឹកចិត្ត និងជូនពរកូនឱ្យទទួលជោគជ័យសម្រាប់ការប្រឡងនេះ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ សម្រាប់ទាំងសិស្សថ្នាក់សង្គម និងសិស្សថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡង ៧មុខវិជ្ជាដូចគ្នា និងមានរយ:ពេល ២ថ្ងៃដូចគ្នា។ ការប្រឡងគឺចាប់ផ្ដើមនៅម៉ោង ៧.៣០ នាទីព្រឹក។ ការប្រឡងក្នុងឆ្នាំនេះ រដ្ឋមន្រ្តីក្រសួងអប់រំ នៅតែអនុវត្តគោលការណ៍ ចេះគឺជាប់ និងមិនអនុញ្ញាតឱ្យមានបញ្ហាលួចចម្លងជាដាច់ខាត។ ការប្រឡងក្នុងឆ្នាំនេះ ក៏នឹងមានវត្តមានអប្បមាទ ជំនួយការអប្បមាទ វត្តមានមន្រ្តី ACU ចូលរួមក្នុងដំណើរការប្រឡងផងដែរ៕
ដោយ៖ សហការី