ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជន​ចូលប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២​ នៅវិទ្យាល័យបឹងត្របែក​ និងវិទ្យាល័យ​ ហ៊ុន​សែន​ ប៊ុនរ៉ានី​ ផ្សារដេីមថ្កូវ​ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមន​ រៀបចំសណ្ដាប់ធ្នាប់​ និងសម្រួលចរាចរណ៍ដោយរលូន

ចែករំលែក៖

ភ្នំពេញ​ ៖​ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ​ និងជាថ្ងៃទី២​ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​របស់សិស្សានុសិស្ស​នៅវិទ្យាល័យ​ បឹងត្របែក​ និងវិទ្យាល័យ​ ហ៊ុនសែន​ ប៊ុនរ៉ានី​ ផ្សារដេីមថ្កូវ​ ត្រូវបានកម្លាំងគណៈបញ្ចាការឯកភាព​ និងមន្ត្រីចរាចរណ៍ខណ្ឌចំការមន​ បានចុះរៀបចំសណ្ដាប់ធ្នាប់​ និងជួយសម្រួលចរាចរណ៍បានទៅដោយរលូនពុំមានបញ្ហាអ្វីកេីតឡេីងនោះទេ​ ។ 

    ជាមួយគ្នានោះគេសង្កេតឃេីញថា​ បេក្ខជន​ដែលចូលទៅក្នុងមណ្ឌលប្រឡង​ ក៏មានការឆែករកសំណៅឯកសារ សម្ភារៈហាមឃាត់ និងពិនិត្យផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់អនុរក្ស ក្រោមការត្រួតពិនិត្យដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ​ ។ ហេីយចំពោះ​ដំណើរការ​សំណេរ​នា​ព្រឹក​នេះ​មាន​ពីរ​មុខវិជ្ជា​គឺ៖ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋ​វិជ្ជា)​ ។ 

    ដោយឡែក​ក្រឡេកមេីលមាតាបិតា​ និងអាណាព្យាបាលសិស្សានុសិស្សវិញក៏បានអង្គុយរង់ចាំកូនៗនៅក្រៅរបងសាលាជាច្រេីន​យ៉ាងអន្ទះសា​ ក្រោយពីជូនកូនៗចូលប្រឡងរួចមិនត្រឡប់ទៅផ្ទះវិញ​ ។ 

    គួររំលឹក ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖