ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​អប់រំ ​៖​ ការឆែកឆេរដ៏តឹងតែងនូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ ក្នុងដំណើរការប្រឡង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងអប់រំ យុវជន និងកីឡា​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ការឆែកឆេរដ៏តឹងតែងនូវសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ ក្នុងដំណើរការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ 

ក្រសួងអប់រំ ក៏សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ 

ក្រសួងអប់រំ​ បានបញ្ជាក់ថា​ ក្នុងករណីរកឃើញថា​ បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

សូមជម្រាបថា​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២២-២០២៣ ប្រព្រឹត្តទីនាថ្ងៃទី៦-៧ វិច្ឆិកា នេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១៣៧៤១២នាក់ ក្នុងនោះមានបេក្ខនារីចំនួន២៣២៧៨នាក់ និងបេក្ខជនមានពិការភាពចំនួន១៨នាក់។​ នៅក្នុងឆ្នាំសិក្សា២០២២-២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបចំនួន ១៣៧៤១២នាក់ ដែលចំនួននេះកើនឡើង ៩២៧៧នាក់ ក្នុងនោះបេក្ខនារីមានចំនួន ២៣២៧៨នាក់។ ចំណែកបេក្ខជនមានពិការភាពចំនួន១៨នាក់ ក្នុងនោះបេក្ខជនពិការភ្នែកចំនួន ៦នាក់ និង បេក្ខជនគ ថ្លង់ចំនួន ១២នាក់។

ជាមួយគ្នានោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រមានចំនួន ៤១៣៧៩ និងបេក្ខជនថ្នាក់វិទ្យាសាស្ដ្រសង្គមមានចំនួន ៩៦០៣៣នាក់។ ចំណែក បេក្ខជនចំណេះទូទៅមានចំនួន ១១៩៩៣៧នាក់ និង បេក្ខជនស្វ័យរិនមានចំនួន ១៥៥០១នាក់។ បេក្ខជនបំពេញវិជ្ជាមានចំនួន ៣៣៤២នាក់ និងបេក្ខជនស្វ័យរិនបំពេញវិជ្ជាមានចំនួន ១៦៣២នាក់។​ បន្ថែមពីនេះ បេក្ខជនដែលប្រឡងយកភាសាអង់គ្លេសជាភាសាបរទេសមានចំនួន ១៣៦៨១១នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៧២៩២០នាក់ និង បេក្ខជនដែលប្រឡងយកភាសាបារាំងជាភាសាបរទេសមានចំនួន ៦០១នាក់ ហើយបេក្ខនារីចំនួន៣៦៥នាក់៕

ដោយ៖ សហការី


ចែករំលែក៖