ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សជាង១ម៉ឺននាក់បានស្លាប់ចាប់តាំងពីការវាយប្រហារដោយយោធារបស់អុីស្រាអែលទៅលើតំបន់ហ្គាហ្សា

ចែករំលែក៖

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃទី 6 ខែវិច្ឆិកាថា ចាប់តាំងពីអុីស្រាអែលបានបើកការវាយប្រហារដោយយោធាជិតមួយខែលើទឹកដីដែលគ្រប់គ្រងដោយប៉ាឡេស្ទីនបណ្តាលឱ្យមនុស្សជាង១ម៉ឺននាក់បានស្លាប់។
លោក Ashraf Al Qudra អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម Hamas នៅទីក្រុង Gaza បាននិយាយថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន 10.022 នាក់នៅក្នុងតំបន់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អុីស្រាអែលចាប់តាំងពីថ្ងៃទី 7 ខែតុលា រួមទាំងកុមារ 4.104 នាក់ ស្ត្រី 2.641 នាក់ និងមនុស្សចាស់ 611 នាក់ ។ តួលេខទាំងនោះបង្ហាញថា ប្រហែលបីភាគបួននៃការស្លាប់គឺមកពីប្រជាជនងាយរងគ្រោះ។
ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយថា មនុស្សជាង 10.000 នាក់បានស្លាប់ក្នុងរយៈពេលមួយខែថាជា “ការមើលងាយជីវិតមនុស្ស” ។ ទាំងអុីស្រាអែល និងក្រុមហាម៉ាស់ មិនបានកំណត់ថា តើក្រុមសកម្មប្រយុទ្ធប៉ុន្មាននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះទេ។
អុីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាស់ បន្ទាប់ពីក្រុមប្រដាប់អាវុធនេះបានវាយប្រហារទឹកដីអុីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា ដោយបានសម្លាប់មនុស្ស 1,400 នាក់ និងចាប់ជំរិតជាង 240 នាក់។ ភ្លាមៗនោះអុីស្រាអែលបានប្រកាសសង្រ្គាមនិងសងសឹកដោយអាវុធវាយប្រហារលើតំបន់ហ្គាហ្សាដោយមានគោលដៅបំផ្លាញក្រុមហាម៉ាស់។
កងកម្លាំងការពារអុីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃទី 6 ខែវិច្ឆិកាថា ពួកគេបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហាម៉ាស់ចំនួន 450កន្លែង ហើយបានកាន់កាប់តំបន់យោធាមួយនៅតំបន់ហ្គាហ្សាក្នុងរយៈពេល 24 ម៉ោងកន្លងមក៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖