ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដោយផ្ដោតសំខាន់លើការងារសន្ដិសុខ និងពង្រឹងទំនាក់ទំនង

ចែករំលែក៖

ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមុិញនេះ បានអនុញ្ញាតឲ្យលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះត្រូវបានធ្វើឡើង នៅវិមានសន្ដិភាព។

ជំនួបដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងដើម្បីពង្រឹងបន្ដកិច្ចសហប្រតិបត្តិការលើការងារសន្ដិសុខ ផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់អំពើភេរវកម្ម បទល្មើសបច្ចេកវិទ្យា និងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបន្ដលើការងារបណ្ដុះបណ្ដាល ពិសេសជំនាញបទល្មើសបច្ចេកវិទ្យា បទល្មើសប្រឆាំងការសម្អាតប្រាក់ និងប្រឆាំងគ្រឿងញៀនជាដើម។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត W.Patrick Murphy បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង លើការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនាពេលកន្លងមក ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កាលនៅជាអគ្គស្នងការនគរបាលជាតិ។ ពិសេសការពារព្រឹត្តិការណ៍សំខាន់នានា ក្នុងនោះ មានទាំងដំណើរចូលរួមកិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិកនៅកម្ពុជា ហើយក៏ទទួលបាននូវការកោតសរសើរ ពីស្ថាប័នការពារផ្ទាល់របស់ប្រធានាធិបតី។

លោក W.Patrick Murphy បានសំណូមពរដល់ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បន្ដជួយគាំទ្រដល់ក្រុមការងារ Task Force ដែលបានបង្កើតឡើងរួមគ្នារវាង អគ្គស្នង​ការដ្ឋាននគរបាលជាតិ និង FBI របស់សហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូតអាមេរិក បានអះអាងថា កន្លងមកក្រុមការងារនេះ បានជួយធ្វើការងារជាច្រើន ក្នុងការបង្ការបទល្មើសដែលបង្កដោយពលរដ្ឋអាមេរិក ដើម្បីចាប់ជនបង្កទាំងនោះ បញ្ជូនទៅផ្ដន្ទាទោសនៅអាមេរិកវិញ ហើយបម្រើដល់ប្រយោជន៍រដ្ឋាភិបាលអាមេរិកជាច្រើនផងដែរ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឯកភាពទាំងស្រុងចំពោះសំណូមពររបស់ឯកអគ្គរដ្ឋទូតអាមេរិក និងបានសំណូមពរទៅកាន់ភាគីអាមេរិកវិញ ឲ្យបន្ដជួយលើការងារបណ្ដុះបណ្ដាលមន្ដ្រីជំនាញ មន្ដ្រីបច្ចេកទេស ក៏ដូចជាសម្ភារៈនានា ដែលបម្រើដល់ការងារប្រយុទ្ធប្រឆាំងបទល្មើស បទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ បទល្មើសប្រឆាំងភេរវកម្ម និងបទល្មើសគ្រឿងញៀនជាដើម។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការ លើការងារប្រឆាំងការជួញដូរមនុស្ស លុបបំបាត់អំពើកេងប្រវ័ញផ្លូវភេទលើកុមារ ក៏ដូចជាចូលរួមចំណែក ក្នុងការដាក់ទោសឲ្យបានធ្ងន់ធ្ងរលើជនដែលប្រព្រឹត្តបទល្មើសនេះផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖