ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖
ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើមពីសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្គួរ តាមបណ្ដាខេត្ដមួយចំនួន និងរាជធានីភ្នំពេញ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៦០%។
២-តំបន់ខ្ពង់រាប៖
⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ លើខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ មណ្ឌលគិរី និងរតនគិរី ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី ២០-៤០% និងភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លើខេត្តព្រះវិហារ និងខេត្ដស្ទឹងត្រែង ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី ១០% ទៅ ២០%។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងលិច និងទិសនិរតីក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ ភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៥០% ទៅ ៦០%។
⁃ ចំណែកនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយខ្យល់បក់មកពីទិសពាយ័ព្យ និងទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី០,៥-១ម៉ែត្រ៕
ដោយ ៖ សហការី