ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យជ័យវរ្ម័នទី៧វះកាត់ទារកមានអវៈយវៈដៃបួនជើងបួន និងគ្មានរន្ធគូទបានដោយសុវត្ថិភាព និង ជោគជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ​​មន្ទីរពេទ្យជ័យវរ្ម័នទី៧បានវះកាត់ទារកអាយុ ២ថ្ងៃម្នាក់ ដែលមានអវៈយវៈដៃបួនជើងបួន និងគ្មានរន្ធ គូទ បានសម្រេចដោយជោគជ័យ បន្ទាប់ពីធ្វើការវះកាត់ចំនួនបួនលើក ដោយក្រុមវេជ្ជបណ្ឌិតឯកទេសខ្មែរ។

យោងតាមផេកហ្វេសបុក ដែលមានឈ្មោះថា Dr Beat Richner នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ទារកអាយុ ២ថ្ងៃ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រសូត្រតាមបែបធម្មជាតិ ដោយមានមកពីកំណើតអវៈ យវៈលើ ៤ (ដៃ) អវៈយវៈក្រោម៤ (ជើង) (Parasitic twin or Conjoined twin) form heteropagus, acephalus and acardius) និងមានរន្ធគូទត្បៀតជិត (Anal imperforation) បានចូលសំរាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយ ត្រូវបានវះកាត់ដោយ គ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យ វរ្ម័នទី៧ (គន្ធបុប្ផា ទី៤) ដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា,លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន និង លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន។ ទារករូបនេះ បានឆ្លងការវះកាត់៤លើក ដោយជោគ ជ័យ។ ការវះកាត់លើកទី១គឺ ការវះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ។

ផេកហ្វេសប៊ុកខាងលើនេះបានឲ្យដឹងទៀតថា ការវះ កាត់លើកទី២គឺការវះកាត់ដោយចោះពោះវៀនធំដើម្បី ឲ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy) បណ្តោះអាសន្ន។ ការវះកាត់លើកទី៣គឺ ការវះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ។ ការវះកាត់លើកទី៤គឺ ការវះកាត់យកឆ្អឹង pubis ដែលខូចទំរង់ពីកំណើតចេញ។ ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើក ទារកមានសុខភាពល្អ មានការលូតលាស់និងធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អនិងមានប្រសិទ្ធិភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។

យ៉ាងណាក៏ដោយនៅព្រឹកថ្ងៃអង្គារ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានចេញទៅផ្ទះដោយស្នាម ញញឹមជាមួយឪពុកម្តាយ ដោយមានការណាត់ជួបគ្រូពេទ្យវះកាត់យើង ៣ខែក្រោយវិញ ដើម្បីបិទពោះវៀនវិញនិងជួសជុលរន្ធគូទ៕

ដោយ៖ សូរិយា


ចែករំលែក៖