ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ថ្ងៃទី០៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវឯករាជ្យ ក្រោមព្រះរាជបូជនិយកិច្ចរបស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពីពួកអាណានិគមបារាំងសេស ហើយត្រូវបានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា ១៩៥៣ និង ០៩ វិច្ឆិកា ២០២៣ ទោះបីព្រះអង្គបានយាងចូលទីវង្គត់ក៏ពិតមែន តែស្មាតី ៩វិច្ឆិកា បានស្ថិតនៅជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្ត្រខ្មែរស្តយើងគ្រប់រូប នូវស្នាព្រះហស្ត៍ របស់ព្រះអង្គដល់សង្គមខ្មែរទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ប្រកបដោយព្រះបញ្ញាញាណ ដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈ ដឹក នាំប្រទេសជាតិក្នុងសម័យសង្គមរាស្ត្រនិយម។
ដោយឡែកនៅខេត្តសៀមរាប លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណ៖អភិបាលខេត្ត និងលោក និងលោកស្រីជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការកងពលតូច កងពលធំ តំបន់ប្រតិបត្តិការសិករង ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង សហភាពសហពន្ធ័យុវជនកម្ពុជា ក្រុមយុវជនកាយរិទ្ធ គរុសិស្ស សិស្សានុសិស្ស បានអញ្ជើញមកជួបជុំគ្នានៅបរិវេណវិមានរំលឹកគុណយុទ្ធជនខេត្តសៀមរាប ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ប្រមាណជា ៥០០នាក់ចូលរួមផងដែរ។
ការរំលឹកខួបអនុស្សាវរីយ៍ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងនេះ បានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នានិងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចនូវគំរូវីរភាពរបស់យុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលីកម្មក្នុងងបុព្វហេតុសង្រ្គោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃអស់ជាច្រើនទសវត្ស ។
ក្នុងពិធីនោះដែរ ក៏បានដាក់នូវកម្រងផ្កា បូជាទៀនធូកគោរពព្រះដួងវិញ្ញាណក្ខ័ន្តថ្វាយជូនព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងវិញ្ញាណក្ខ័ន្តវីរៈភាពរបស់បុព្វបុរស កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិ ក្នុងការសង្គ្រោះជាតិនិងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាងការពារជាតិមាតុភូមិ ដើមី្បភាពសុខសាន្តដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ៕
ដោយ៖ សហការី