ក្រុមអធិរាជស Real Madrid បានយកឈ្នះក្រុមភ្ញៀវ Sporting Braga ក្នុងលទ្ធផល៣ទល់០ នៅទឹកដី Bernabeu ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិនៃក្របខ័ណ្ឌ Champions League បើទោះបីការប្រកួតវគ្គជម្រុះតាមពូលនេះនៅដល់២ប្រកួតទៀតក៏ដោយ។
Brahim Diaz បានរកគ្រាប់បាល់បើកឆាកនៅនាទីទី២៧នៃតង់ទី១ តាមរយៈការបញ្ជូនបាល់យ៉ាងល្អរបស់ Rodrygo។ គ្រាប់ទី២គឺជាការរកបានដោយខ្សែប្រយុទ្ធ Vinicius Jr ដោយបានស៊ុតបាល់រំលងខ្សែការពារ Braga ចូលទីបានសម្រេចនៅនាទីទី៥៨ ខណៈដែលគ្រាប់ទី៣រកបានដោយ Rodrygo នៅនាទីទី៦១។
ក្រុមភ្ញៀវ Braga បានបាត់បង់ឱកាសដើម្បីរកគ្រាប់បាល់នាំមុខ ពេលដែលការពិន័យរបស់ Alvaro Djalo ត្រូវបានសង្គ្រោះដោយអ្នកចាំទី Andriy Lunin បន្ទាប់ពី Lucas Vazquez បានបង្កកំហុសទៅលើ Cristian Borja នៅក្នុងតំបន់គ្រោះថ្នាក់នៅនាទីទី៦។
Diaz ក៏មានឱកាសរកគ្រាប់បាល់១គ្រាប់ទៀតដែរ តែមិនត្រូវអនុញ្ញាត ដោយ Vinicius បានប្រព្រឹត្តកំហុសក្នុងការបង្កើតឡើងមុនពេលបាល់ចូលទី។ជាមួយគ្នានេះខ្សែបម្រើឆ្នើម Jude Bellingham ស្ថិតនៅកៅអីបម្រុងសម្រាប់ Real Madrid ដោយសារបញ្ហាស្មា ដែលនេះជាលើកដំបូងចាប់តាំងពីគាត់បានចូលរួមជាមួយក្លិបដែលគាត់មិនបានចាប់ផ្ដើមការប្រកួត Champions League។
ក្រុមរបស់លោក Carlo Ancelotti ឥឡូវនេះមិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះ៩ លើកចុងក្រោយរបស់ខ្លួននៅក្នុងក្របខ័ណ្ឌ Champions League ដែល Real Madrid បានឈានទៅវគ្គចែកពូលសម្រាប់រដូវកាលទី២៦ជាប់គ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)