ភ្នំពេញ ៖ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅខណ្ឌកំបូល រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពពិសេស រួមទាំងកងទ័ពជើងទឹកផងដែរ ដោយអនុវត្តតាមគោលនយោបាយការពារជាតិកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រយុទ្ធគ្នាដោយទ្រង់ទ្រាយធំនៅកម្ពុជា នឹងមិនអាចមានបន្តទៀតនោះឡើយ ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ចំពោះការគំរាមកំហែងចំពោះសន្តិសុខជាតិ ដោយមិនអាចធ្វេសប្រហែសបានឡើយ។
ទន្ទឹមនឹងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកឱ្យយកចិត្តទុកដាក់លើការគំរាមកំហែងប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការធ្វើទំនើបកម្ម កម្មវិធីហ្វឹកហ្វឺនផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះបញ្ជាការដ្ឋានទ័ពពិសេស ដែលក្នុងរយៈពេល២៨ ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការចូលរួមចំណែកបោសសម្អាតមីនចេញពីផ្ទៃដីកម្ពុជាផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការធ្វើទំនើបកម្មកងទ័ពត្រូវផ្ដោតលើការងារសំខាន់ ៣
១-ទំនើបកម្មរចនាសម្ព័ន្ធ
២-ទំនើបកម្មហ្វឹកហ្វឺន
៣-ទំនើបកម្មគ្រឿងបំពាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យធ្វើការពង្រឹងដល់សាលានាយទាហាន តាមគោលនយោបាយ ឯករាជ្យ និងប្រទាក់ក្រឡា ដើម្បីដំឡើងកម្រិត និងការបណ្ដុះបណ្ដាលនាយទាហាន។ ចំណែកសាកលវិទ្យាល័យការពារជាតិ គួរផ្តោតលើការពង្រឹងយុទ្ធសាស្រ្តស្រាវជ្រាវ និងកិច្ចការងារការពារជាតិ ៕
ដោយ ៖ សហការី