អតីតកីឡាករវាយតឺន្នីសលំដាប់ពិភពលោក Naomi Osaka នឹងត្រលប់មកប្រកួតកីឡានេះនៅ Brisbane International វិញ បន្ទាប់ពីខកខានជិត៦ខែក្រោយពីសម្រាលបុត្ររួច។ ម្ចាស់ជ័យលាភី Grand Slam សញ្ជាតិជប៉ុន៤សម័យរូបនេះបានប្រកាសពីការមានផ្ទៃពោះរបស់នាងនៅក្នុងខែមករា និងបង្កើតបានកូនស្រីឈ្មោះ Shai នៅខែកក្កដា។
កីឡាការិនីវ័យ២៦ឆ្នាំរូបនេះមិនបានលេងក្នុងកម្មវិធី WTA Tour ចាប់តាំងពីព្រឹត្តិការណ៍ Pan Pacific Open នៅទីក្រុងតូក្យូក្នុងខែកញ្ញា ឆ្នាំ២០២២មក។
Osaka បាននិយាយថា “ខ្ញុំពិតជារំភើបចំពោះការត្រលប់មកទីលានប្រកួត និងការប្រកួតប្រជែងវិញ។ ខ្ញុំតែងតែចូលចិត្តការចាប់ផ្តើមរដូវកាលរបស់ខ្ញុំនៅ Brisbane ហើយមិនអាចរង់ចាំការត្រឡប់មកវិញបានទេ។ Brisbane International គឺជាការប្រកួតដ៏អស្ចារ្យ ហើយនឹងរៀបចំឱ្យខ្ញុំត្រលប់មកវិញដ៏អស្ចារ្យនៅរដូវក្តៅនេះ”។
ការប្រកួតនៅ Brisbane ចាប់ផ្តើមនៅថ្ងៃទី៣១ ខែធ្នូ ហើយបន្តប្រកួតរហូតដល់ថ្ងៃទី៧ ខែមករា ដែលបម្រើជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការឈានទៅព្រឹត្តិការណ៍ Australian Open ដែលចាប់ផ្តើមនៅថ្ងៃទី១៤ខែមករា។
Osaka បានឈ្នះពាន Grand Slams ថ្មីៗបំផុតទាំង៤របស់នាងនៅ Australian Open ក្នុងឆ្នាំ២០២១ ខណៈធ្លាប់ឈ្នះពានម្តងទៀតរបស់នាងនៅ Melbourne Park។ កាលពីខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីដកខ្លួនចេញពី French Open នាងបានបង្ហាញថានាង បានទទួលរងនូវជំងឺធ្លាក់ទឹកចិត្តយូរមកហើយ ចាប់តាំងពីការឈ្នះពានរង្វាន់ធំដំបូងរបស់នាងនៅ US Open ក្នុង២០១៨។ ពីមុននាងបានឈប់សម្រាកពីកីឡាវាយតឺន្នីសដើម្បីផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្តរបស់នាង ហើយបាននិយាយដោយបើកចំហអំពីបញ្ហាដែលនាងបានជួបប្រទះ។
អ្នករៀបចំកម្មវិធី Brisbane International ក៏បានប្រកាសថា Andy Murray របស់ចក្រភពអង់គ្លេសនឹងមានវត្តមាននៅក្នុងការប្រកួតនេះ ដែលនឹងត្រលប់មកវិញបន្ទាប់ពីការផ្អាករយៈពេល៣ឆ្នាំដែលបង្ខំដោយជំងឺរាតត្បាត Covid-19។
ចំណែកអតីតកីឡាករលំដាប់លេខ១ពិភពលោក Murray បាននិយាយថា “វាពិតជាល្អណាស់ដែលបានឃើញ Brisbane International ត្រលប់មកវិញ ហើយខ្ញុំពិតជាទន្ទឹងរង់ចាំការវិលត្រឡប់ទៅកាន់ Queensland វិញនៅរដូវក្តៅនេះ។ ខ្ញុំមានការចងចាំដ៏អស្ចារ្យនៃការឈ្នះពានក្នុងឆ្នាំ២០១២ និង២០១៣ ហើយខ្ញុំចង់លើកពានម្តងទៀតជាលើកទីបីនៅទីក្រុង Brisbane” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)